
តម្លៃប្រេងអន្តរជាតិបានហក់ឡើងខ្ពស់បំផុតក្នុងរយៈពេល២សប្ដាហ៍ នៅពេលបិទការជួញដូរប្រចាំសប្ដាហ៍ ដោយកើនឡើងជិត១% ដោយសារការរំពឹងទុកថា ធនាគារកណ្ដាលសហរដ្ឋអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់នៅសប្ដាហ៍ក្រោយ។
តម្លៃប្រេងឆៅម៉ាក Brent បានកើនឡើង ៤៩សេន ឬ០,៨% ដល់ ៦៣,៧៥ដុល្លារ/បារ៉ែល ខណៈប្រេងឆៅអាមេរិកម៉ាក WTI កើនឡើង ៤១សេន ឬ០,៧% ដល់ ៦០,០៨ដុល្លារ/បារ៉ែល។ នេះជាតម្លៃខ្ពស់បំផុតចាប់តាំងពីថ្ងៃទី១៨វិច្ឆិកា។

ក្នុងអត្រាប្រចាំសប្ដាហ៍ តម្លៃប្រេងម៉ាក Brent កើនឡើងប្រហែល១% និង WTI កើនឡើងប្រហែល៣% ដែលជាការកើនឡើងប្រចាំសប្ដាហ៍២លើកជាប់ៗគ្នា។
អ្នកជំនាញបានលើកឡើងថា ការរំពឹងថាធនាគារកណ្ដាលអាមេរិកនឹងកាត់អត្រាការប្រាក់ អាចជំរុញកំណើនសេដ្ឋកិច្ច និងតម្រូវការថាមពល។ មួយវិញទៀត បញ្ហាភូមិសាស្ត្រនយោបាយ រួមទាំងសង្រ្គាមអ៊ុយក្រែន និងយុទ្ធនាការយោធាប្រឆាំងវេណេស៊ុយអេឡា ក៏បង្កើនក្ដីបារម្ភពាក់ព័ន្ធនឹងការផ្គត់ផ្គង់ប្រេង។

រុស្ស៊ី និងវេណេស៊ុយអេឡា ជាប្រទេសផលិតប្រេងសំខាន់សម្រាប់ទីផ្សារសកល ដែលការរំពឹងទុកពីការកាត់អត្រាការប្រាក់ និងភាពមិនប្រាកដប្រជាភូមិសាស្ត្រនយោបាយ បានជំរុញឱ្យតម្លៃប្រេងកើនឡើង។
