ក្មេង៦នាក់ជិះម៉ូតូបង្ហោះលើផ្លូវ ត្រូវនគរបាលស្រុកស្វាយជ្រំកោះហៅធ្វើកិច្ចសន្យាអប់រំ

ក្មេង៦នាក់ជិះម៉ូតូបង្ហោះលើផ្លូវ ត្រូវនគរបាលស្រុកស្វាយជ្រំកោះហៅធ្វើកិច្ចសន្យាអប់រំ

ខេត្តស្វាយរៀង – កម្លាំងសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំ បានកោះហៅក្រុមក្មេងទំនើងចំនួន៦នាក់ មកធ្វើកិច្ចសន្យាអប់រំ ក្រោយប្រព្រឹត្តករណីជិះម៉ូតូបង្ហោះតាមទីសាធារណៈនៅស្រុកស្វាយជ្រំ។

ក្មេងទំនើងត្រូវកោះហៅ

បើតាមមន្ត្រីនគរបាលស្រុកស្វាយជ្រំ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួស បានកោះហៅក្រុមក្មេងទំនើងចំនួន៦នាក់ ដែលបានប្រព្រឹត្តករណីបង្ហោះម៉ូតូតាមទីសាធារណៈ នៅចំណុចលើផ្លូវលំ ភូមិថ្មស ឃុំស្វាយជ្រំ។

ការអប់រំក្មេងទំនើង

នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង៦នាក់ បានឆ្លើយសារភាពថា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៩និង៣៥នាទីព្រឹក ពួកគេបាននាំគ្នាជិះម៉ូតូចេញពីសាលាឌុបគ្នា ទៅដល់ចំណុចលើផ្លូវលំភូមិថ្មស ហើយបាននាំគ្នាជិះម៉ូតូបង្ហោះលើដងផ្លូវចំនួន២លើក។

ម៉ូតូត្រូវដកហូត

ដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងព្រះរាជាអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ក្រុមក្មេងទំនើងទាំង៦នាក់ត្រូវបានកោះហៅមកអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីធ្វើកិច្ចសន្យាអប់រំ និងអញ្ជើញអាណាព្យាបាលមកទទួលយកទៅអប់រំបន្ត។

ចំណែកឯម៉ូតូទាំង៣គ្រឿង ត្រូវបានដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ រយៈពេល៣ខែ ទើបប្រគល់ឲ្យវិញ។

អត្ថបទសរសេរដោយ វ៉ាន់ ប៊ុនធឿន
កែសម្រួលដោយ សារ៉ា ចន្ទ

administrator

Related Articles