ខេត្តកំពង់ឆ្នាំង – នៅព្រឹកថ្ងៃអាទិត្យ ២រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ និងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំក្រាំងស្គារ។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពីអនុប្រធាន និងសមាជិកក្រុមការងារ ថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សឃុំ ប្រធាន-អនុប្រធានយុវជនឃុំ ប្រធានសាខាបក្សភូមិទាំង៧ និងសាខាបក្សជុំវិញគណៈកម្មាធិកាបក្សឃុំទាំង៨ ព្រមទាំងប្រធានក្រុមសកម្មជនយុវជនភូមិ សរុប ១៧៨ នាក់។

កិច្ចប្រជុំបានចាប់ផ្ដើមដោយលោក សុខ សុន្ធីរ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ឃុំក្រាំងស្គារ និងលោក ខ្វែក វ៉ាន់ អនុប្រធានគណបក្សឃុំក្រាំងស្គារ ធ្វើរបាយការណ៍ត្រីមាសទី៤ ឆ្នាំ២០២៥ និងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦។

លោកស្រី យុង ខេមរា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំក្រាំងស្គារ បានថ្លែងអំពីតួនាទីសំខាន់របស់យុវជនក្នុងការអភិវឌ្ឍប្រទេស។ លោកស្រីបានសង្កត់ធ្ងន់ថា យុវជនគឺជាកម្លាំងបន្តវេនដ៏សំខាន់ ដែលត្រូវចូលរួមចំណែកក្នុងការថែរក្សាសមិទ្ធផលវិជ្ជមាន និងពង្រីកសមិទ្ធផលទាំងនោះសម្រាប់អនាគត។

បន្ទាប់ពីស្ដាប់របាយការណ៍ការងាររួច លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងសមាជិកគណបក្សគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋានឃុំ។

លោកបណ្ឌិតបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជានៅតែរក្សាបាននូវសុខសន្ដិភាព ស្ថិរភាពនយោបាយ សាមគ្គីភាពរឹងមាំ និងបន្ដធ្វើឱ្យមានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ។

លោកបណ្ឌិតបានអំពាវនាវដល់សមាជិកគណបក្សទាំងអស់ ឱ្យបន្តគាំទ្រគណបក្ស និងលើកកម្ពស់គុណតម្លៃសន្តិភាព ដែលបានមកដោយការយកជីវិតធ្វើជាដើមទុនរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សជាច្រើនរូបទៀត។

ជាកិច្ចបញ្ចប់ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានផ្ដល់អនុសាសន៍គន្លឹះមួយចំនួន ឱ្យសមាជិកគណបក្សទាំងអស់បន្តសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងជំរុញការផ្សព្វផ្សាយសមិទ្ធផលរបស់គណបក្ស និងរបស់រាជរដ្ឋាភិបាលឱ្យទូលំទូលាយ។

កិច្ចប្រជុំនេះបានកំណត់ទិសដៅអនុវត្តឈានឆ្ពោះទៅសម្រេចជោគជ័យនៅឆ្នាំ២០២៧-២០២៨ និងឆ្នាំបន្តទៀត។



ដោយ ៖ សិលា
