ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានចាប់ខ្លួនក្មេងទំនើងចំនួន១៣នាក់ និងឃាត់ម៉ូតូ៨គ្រឿង ក្រោយពីក្រុមនេះបានប្រណាំងគ្នានិងបង្ហោះម៉ូតូពេញផ្លូវហាណូយ។

ព្រឹត្តិការណ៍នេះកើតឡើងនៅយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាប្រហែលម៉ោង១២យប់ នៅពេលកម្លាំងល្បាតធ្វើការពារសន្តិសុខបានជួបក្មេងទំនើង២ក្រុមជិះម៉ូតូប្រហែល៣០គ្រឿង កំពុងប្រណាំងគ្នានិងបង្ហោះម៉ូតូយ៉ាងអុកឡុកនៅចំណុចខាងមុខធនាគារជាតិ ផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី។

ក្មេងទំនើងទាំង១៣នាក់ត្រូវបាននាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសាកសួរ និងធ្វើតេស្តសារធាតុញៀន ដែលលទ្ធផលបានបង្ហាញថាអវិជ្ជមានទាំងអស់។ កម្លាំងសមត្ថកិច្ចកំពុងទាក់ទងអាណាព្យាបាលដើម្បីអប់រំ និងធ្វើកិច្ចសន្យាមុនអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។

អធិការដ្ឋាននគរបាលខណ្ឌសែនសុខបានបដិសេធចំពោះការផ្សព្វផ្សាយរបស់អាខោនហ្វេសប៊ុកមួយចំនួនដែលចោទប្រកាន់ថា ការបង្រ្កាបក្មេងទំនើងនេះជាការធ្វើស៊ីលើក្មេងទំនើង ដោយចាត់ទុកថាជាព័ត៌មានមិនពិត និងមានលក្ខណៈញុះញង់។

ការបង្ការទប់ស្កាត់នេះមានអ្នកសារព័ត៌មានចូលរួមធ្វើជាសាក្សី និងបានឃើញច្បាស់ពីសកម្មភាពរបស់ក្រុមក្មេងទំនើងដែលបានធ្វើឱ្យប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាច។
