ភ្លើងសង្គ្រាមព្រំដែនថៃ-មីយ៉ាន់ម៉ាកំពុងឆេះខ្លាំង រហូតធ្វើឲ្យរដ្ឋាភិបាលថៃត្រូវត្រៀមផែនការជម្លៀសប្រជាជនចេញពីតំបន់គ្រោះថ្នាក់។ ស្ថានការណ៍តានតឹងនេះកើតឡើងបន្ទាប់ពីគ្រាប់កាំភ្លើងធំពីសង្គ្រាមផ្ទៃក្នុងមីយ៉ាន់ម៉ាធ្លាក់ចូលទឹកដីថៃ បណ្តាលឲ្យពលរដ្ឋរងរបួស។

មេទ័ពថៃ លោក Ukrit Boontanon បានប្រកាសកាលពីថ្ងៃសៅរ៍ទី៦ធ្នូថា កងកម្លាំងបានត្រៀមផែនការជម្លៀសប្រជាជនពីតំបន់ហានិភ័យខ្ពស់ ជាពិសេសភូមិ Mae Kon Ken និង Huai Mahawong នៅស្រុក Mae Sot ខេត្ត Tak។ លោកបានព្រមានថា នឹងចាត់វិធានការម៉ឺងម៉ាត់ប្រសិនបើមានការរំលោភបំពានទឹកដីថៃម្តងទៀត។
ឧប្បត្តិហេតុនេះកើតឡើងបន្ទាប់ពីការប្រយុទ្ធខ្លាំងក្លារវាងកងទ័ពមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចតាមបណ្តោយព្រំដែន។ គ្រាប់បេទំហំ៨១មមមួយគ្រាប់បានធ្លាក់ចូលទឹកដីថៃកាលពីថ្ងៃសុក្រ បណ្តាលឲ្យមនុស្ស២នាក់រងរបួស។
អ្នកស្រុក Mae Sot បានរាយការណ៍ពីការបាញ់ប្រហារ និងការផ្ទុះជាបន្តបន្ទាប់ពីខាងមីយ៉ាន់ម៉ា ក្បែរភូមិ Ban Millapa។ នៅម៉ោង១១:៥០ព្រឹក គ្រាប់បេមួយគ្រាប់បានធ្លាក់នៅជិតវត្ត Huai Mahawong ក្នុងភូមិ Moo 9 ឃុំ Mahawan បណ្តាលឲ្យមានការផ្ទុះយ៉ាងខ្លាំង។
កងទ័ពពីកម្លាំងពិសេស Naresuan បានឆ្លើយតបបន្ទាប់ពីអ្នកភូមិរាយការណ៍ពីជនរងគ្រោះ។ បុរសម្នាក់វ័យ៦៨ឆ្នាំបានរងរបួសធ្ងន់ ដោយសារត្រូវបំណែកគ្រាប់នៅក្រោមពោះ ខណៈកំពុងដើរតាមផ្លូវក្នុងភូមិ ហើយត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ Mae Sot។
