ខេត្តស្វាយរៀង៖ អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បានបន្តកោះហៅក្រុមក្មេងទំនើងចំនួន ៤នាក់ទៀត ដើម្បីធ្វើកិច្ចសន្យាអប់រំ ក្រោយពីពួកគេបានប្រព្រឹត្តករណីបង្ហោះម៉ូតូតាមទីសាធារណៈ។

ការអនុវត្តនេះបានធ្វើឡើងតាមបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង។ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលក្រោលគោ បានកោះហៅក្រុមក្មេងទាំងនេះដែលបានបង្ហោះម៉ូតូនៅតាមផ្លូវលំក្នុងភូមិឬស្សីជួរ និងភូមិបឹងរ៉ៃ ឃុំក្រោលគោ។

ក្រុមក្មេងទំនើងទាំង ៤នាក់បានឆ្លើយសារភាពថា នៅថ្ងៃទី០២ ធ្នូ ២០២៥ វេលាម៉ោង ១៣:៣០នាទីព្រឹក ពួកគេបានបបួលគ្នាជិះម៉ូតូចំនួន ២គ្រឿង ទៅបង្ហោះម៉ូតូនៅតាមផ្លូវក្រាលគោ។ ពួកគេក៏បានទទួលស្គាល់ថា កន្លងមកធ្លាប់ជិះម៉ូតូដើរបង្កអុកឡុករករឿងនៅក្នុងស្រុកជាច្រើនលើក។

ដោយមានការឯកភាពពីស្នងការនគរបាលខេត្ត និងព្រះរាជាអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ក្រុមក្មេងទំនើងទាំង ៤នាក់បានធ្វើកិច្ចសន្យាអប់រំ ហើយត្រូវបានអញ្ជើញអាណាព្យាបាលយកទៅអប់រំបន្ត។ ចំណែកឯម៉ូតូទាំង ២គ្រឿងត្រូវបានដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករយៈពេល ៣ខែ ទើបប្រគល់វិញ។

