សម្តេចតេជោ សង្ឃឹមថៃធ្វើស៊ីហ្គេម២០២៥បានល្អ ជាងគិតពីឈ្នះចាញ់

សម្តេចតេជោ សង្ឃឹមថៃធ្វើស៊ីហ្គេម២០២៥បានល្អ ជាងគិតពីឈ្នះចាញ់

រាជធានីភ្នំពេញ៖ សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា ហ៊ុន សែន បានសម្តែងក្តីសង្ឃឹមថា ថៃនឹងធ្វើបានល្អនៅស៊ីហ្គេម២០២៥ ព្រមទាំងដោះស្រាយបានល្អនូវគ្រោះទឹកជំនន់រាប់ខែកន្លងមកនេះ ជាជាងមកគិតតែពីរឿងឈ្នះចាញ់ជាមួយកម្ពុជា និងមីយ៉ាន់ម៉ា។

សម្តេចតេជោ

សម្តេចតេជោបានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ថា៖ «ថ្ងៃនេះ ខ្ញុំមានការចាំបាច់ដើម្បីបំភ្លឺទៅកាន់ប្រជាជនកម្ពុជា និងប្រជាជនថៃពីរឿងស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជា»។

សម្តេចបានបញ្ជាក់ថា ខ្លួនមិននឹកស្មានថា តាមរយៈវីដេអូដែលបានបង្ហោះ ធ្វើឱ្យជនជាតិថៃមួយចំនួនលើកឡើងថា ខ្លួនមានចេតនាឌឺដងឱ្យថៃដែលធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៥នេះ។

សម្តេចតេជោសម្តែងការព្រួយបារម្ភ

សម្តេចបានលើកឡើងថា រឿងកាន់តែហួសចិត្តមានជនជាតិថៃមួយចំនួនចេញមកនិយាយថា សូមកុំយកថៃទៅប្រៀបធៀបជាមួយកម្ពុជា ព្រោះកម្ពុជាធ្វើស៊ីហ្គេមដោយប្រើលុយចិន។

សម្តេចបានគូសបញ្ជាក់ថា មិត្តចិនតាមរយៈប្រធានាធិបតី ស៊ីជិនពីង ពិតជាបានជួយសាងសង់ស្តាតមរតកតេជោ ដែលជាកន្លែងបើក និងបិទស៊ីហ្គេម ព្រមទាំងជាទីតាំងប្រកួតវិញ្ញាសារមួយចំនួនផងដែរ។

ការបើកស៊ីហ្គេម២០២៣

សម្តេចបានលើកឡើងថា និយាយពីការចំណាយសម្រាប់ការប្រកួត កម្ពុជាមិនបានប្រើប្រាស់លុយចិន ឬលុយពីប្រទេសផ្សេងសូម្បីមួយសេន។ ការចំណាយស៊ីហ្គេមឆ្នាំ២០២៣ កម្ពុជាមិនបានប្រើថវិកាជាតិឆ្នាំ២០២៣តែមួយឆ្នាំនោះទេ តែត្រូវបញ្ចូលទៅក្នុងថវិកាប្រចាំឆ្នាំតាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២។

សម្តេចតេជោបានលើកឡើងទៀតថា តែដោយស្មារតីសន្សំសំចៃដែលដឹកនាំដោយសម្តេចទៀ បាញ់ កម្ពុជាចំណាយត្រឹមតែ១១៨លានដុល្លារប៉ុណ្ណោះ ដោយគិតទាំងចំណាយជំនួសកីឡាបរទេសទាំងការស្នាក់នៅហូបចុក។

ការចំណាយស៊ីហ្គេម

សម្តេចបានគូសបញ្ជាក់ថា៖ «សង្ឃឹមថាជនជាតិថៃដែលនិយាយប៉ះពាល់ដល់កម្ពុជា ដកពាក្យដែលថា កុំយកថៃទៅប្រៀបធៀបជាមួយកម្ពុជាថា កម្ពុជាធ្វើស៊ីហ្គេមដោយប្រើលុយចិន ព្រោះពាក្យនេះមិនគ្រាន់តែមើលងាយចំពោះកម្ពុជាប៉ុណ្ណោះទេ តែវាក៏ជាប្រមាថឬទះកំភ្លៀងមហាអំណាចចិនផងដែរ។

សង្ឃឹមថា ថៃនិងធ្វើបានល្អនៅស៊ីហ្គេម២០២៥នេះ ព្រមទាំងដោះស្រាយបានល្អនូវគ្រោះទឹកជំនន់រាប់ខែកន្លងមកនេះជាជាងមកគិតតែពីរឿងឈ្នះចាញ់ជាមួយកម្ពុជា និងមីយ៉ាន់ម៉ា។ ខ្ញុំរក្សាសិទ្ធិឆ្លើយតបដើម្បីការពារសេចក្ដីថ្លៃថ្នូរជាតិសាសន៍របស់ខ្ញុំ និងពន្យល់ទៅកាន់ប្រជាជនកម្ពុជា និងប្រជាជនថៃផងដែរ»៕

អត្ថបទសរសេរដោយ អ៊ាង ប៊ុនរិទ្ធ
កែសម្រួលដោយ ស្រីណា

administrator

Related Articles