(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារអបអរសាទរទិវាជាតិអ្នកនិពន្ធ លើកទី២ ឆ្នាំ២០២៥ ក្រោមប្រធានបទ «អ្នកនិពន្ធគឺជាទូតសុឆន្ទៈ ក្នុងការអភិរក្សនិងអភិវឌ្ឍវប្បធម៌ដើម្បីសន្តិភាព»។

សារនេះត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដោយសម្តេចបានគោរពចំពោះអ្នកនិពន្ធ កវីនិពន្ធ និងជនរួមជាតិទាំងអស់ ក្នុងការបន្តពង្រឹងគុណតម្លៃរបស់អ្នកនិពន្ធ ដែលត្រូវបានចាត់ទុកថាជាវិស្វករព្រលឹង និងជាអ្នកបង្កើតប្រតិដ្ឋញាណ។
សម្តេចបានចង្អុលបង្ហាញថា អ្នកនិពន្ធគឺជាអ្នកថែរក្សា និងពន្យល់ប្រវត្តិសាស្ត្រ ការពារអត្តសញ្ញាណជាតិ ចែកចាយចំណេះដឹង បំផុសគំនិត និងលើកទឹកចិត្តមនុស្សជាតិ ក្នុងការស្រាវជ្រាវតាក់តែងនិងផ្សព្វផ្សាយ។

ការប្រារព្ធទិវាជាតិអ្នកនិពន្ធជារៀងរាល់ឆ្នាំ សំដៅដល់ការជំរុញវប្បធម៌តែងនិពន្ធនៅកម្ពុជា លើកកម្ពស់សមត្ថភាពអ្នកនិពន្ធ និងប្រមូលផ្តុំកម្លាំងសាមគ្គីភាពរវាងអ្នកនិពន្ធគ្រប់និន្នាការ។
ព្រឹត្តិការណ៍នេះមានគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដែលធានាគុណភាពតែងនិពន្ធប្រកបដោយសច្ចធម៌ បរិយាបន្ន និងលើកកម្ពស់គុណតម្លៃនៃស្មារតីប៉ាកកាសន្តិភាពពេញមួយជីវិត។
ផ្ដល់សិទ្ធិដោយ៖ Freshnews
