ខេត្តស្ទឹងត្រែង៖ គម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ ហៅកាត់ថា «ស្រូវត្រយ៉ង» កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញទាំងសេដ្ឋកិច្ចកសិករ និងកិច្ចការពារបរិស្ថាននៅស្រុកសៀមប៉ាង។

គម្រោងនេះ គឺជាកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនចំនួន២ជាអ្នកទិញស្រូវ ដើម្បីលើកទឹកចិត្តកសិករក្នុងតំបន់ឱ្យធ្វើកសិកម្មប្រកបដោយនិរន្តរភាព និងចូលរួមការពារព្រៃឈើ និងសត្វព្រៃ។
សម្រាប់ឆ្នាំ២០២៥ ក្រុមហ៊ុនបានបង្កើនផែនការប្រមូលទិញសរុបដល់៣.០០០តោន។ ដើម្បីធានាបាននូវការចូលរួមរបស់កសិករ និងលើកកម្ពស់គុណភាពស្រូវ គម្រោងបានផ្តល់តម្លៃទិញ និងប្រាក់លើកទឹកចិត្តយ៉ាងសមរម្យ។

ដោយប្រភេទស្រូវតម្លៃទិញក្នុង១ គីឡូក្រាមស្រូវរំដួលក្រហម (ស្រូវត្រយ៉ង)១.៦០០ ទៅ១.៨០០រៀល ស្រូវផ្ការំដួល១.៣៥០ ទៅ១.៥៥០រៀល ស្រូវពូជក្នុងស្រុក១.១៤០ទៅ១.១២៤០រៀល។ កសិករដែលចូលរួមលក់ស្រូវត្រយ៉ងនឹងទទួលបានប្រាក់លើកទឹកចិត្តបន្ថែមចំនួន១០០ រៀល លើស្រូវ១គីឡូក្រាម។
កសិករចំនួន១.៣៣៦ គ្រួសារ ដែលចូលរួមក្នុងគម្រោងនេះ ត្រូវបំពេញតាមលក្ខខណ្ឌកិច្ចសន្យាមួយចំនួន ដែលផ្តោតលើការអភិរក្សធនធានធម្មជាតិដោយគោរពច្បាប់ការពារព្រៃឈើ និងបញ្ឈប់ការកាប់រានដីព្រៃ។ បញ្ឈប់រាល់សកម្មភាពបរបាញ់ និងដាក់អន្ទាក់សត្វព្រៃជាដើម និងការផលិតស្រូវដោយ មិនប្រើប្រាស់ថ្នាំគីមី។

កាលពីឆ្នាំ២០២៤ កន្លងទៅ ក្រុមហ៊ុនបានប្រមូលទិញស្រូវសរុបចំនួន២.០១៩តោន ដែលបានផ្តល់ចំណូលសរុបជាង៣.៥៣២លានរៀលដល់កសិករ។ សម្រាប់ឆ្នាំ២០២៥ នេះ ការប្រមូលទិញកំពុងបន្តដំណើរការ។
ទោះជាយ៉ាងណា ទិន្នផលត្រូវបានកត់សម្គាល់ថា បានធ្លាក់ចុះបន្តិចបន្តួច ដោយសារតែ ការប្រែប្រួលអាកាសធាតុ ដែលបានបណ្តាលឱ្យស្រូវមួយចំនួនខូច និងធ្លាក់គុណភាព។

បច្ចុប្បន្នភូមិសាស្ត្រប្រតិបត្តិការ គម្រោង«ស្រូវត្រយ៉ង»កំពុងអនុវត្តនៅតាមបណ្តាភូមិចំនួន ៧ នៅក្នុងឃុំពីរនៃស្រុកសៀមប៉ាង រួមមាន៖ឃុំព្រែកមាស ភូមិខិះស្វាយ, ភូមិខិះក្រោម, ភូមិពងគ្រៀល, ភូមិខាំភោគ។ ឃុំថ្មកែវ ភូមិញាំងស៊ុម, ភូមិផាបាង, ភូមិឡាកាយ។

អត្ថបទសរសេរដោយ រ៉ូ សាលី
កែសម្រួលដោយ ស្រីណា
