កីឡាករ Mohamed Salah បានបង្ហាញការខឹងសម្បានិងមិនពេញចិត្តយ៉ាងខ្លាំង បន្ទាប់ពីគ្រូបង្វឹក Arne Slot ដាក់គាត់ជាកីឡាករបម្រុងក្នុងការប្រកួតស្មើ 3-3 ប្រឆាំងនឹង Leeds United។ ការសម្រេចចិត្តនេះបានធ្វើឱ្យកីឡាករសញ្ជាតិអេហ្ស៊ីបវ័យ 33 ឆ្នាំមានអារម្មណ៍ថាត្រូវបានគេមើលងាយ។
នៅក្នុងការអត្ថាធិប្បាយក្រោយការប្រកួត សាឡាបានបញ្ចាក់យ៉ាងច្បាស់ថា៖ “ខ្ញុំពិតជាខកចិត្តខ្លាំងណាស់ដែលមានភាពអយុត្តិធម៌។ ខ្ញុំបានធ្វើយ៉ាងច្រើនសម្រាប់ក្លឹបនេះ គ្រប់គ្នាអាចឃើញក្នុងអំឡុងឆ្នាំ និងជាពិសេសកាលពីរដូវកាលមុន។ ខ្ញុំមិនដឹងទេ វាហាក់បីដូចជាក្លឹបកំពុងបោះខ្ញុំចោល។”
កីឡាករដែលបានចុះកិច្ចសន្យាបន្តរយៈពេលពីរឆ្នាំកាលពីខែមេសា បានក្លាយជាតួអង្គសំខាន់មួយរូបក្នុងរយៈពេលប្រាំបីឆ្នាំនៅ Liverpool។ គាត់បានឈ្នះពានរង្វាន់ Premier League ចំនួនពីរ និងស៊ុតបញ្ចូលទីបាន 250 គ្រាប់នៅគ្រប់ការប្រកួតទាំងអស់សម្រាប់ក្លឹប។
ប៉ុន្តែបន្ទាប់ពីការចាប់ផ្តើមរដូវកាលថ្មី សាឡាបានចាប់ផ្តើមការប្រកួតបីលើកចុងក្រោយនៅលើកៅអីបម្រុង ដោយលេងបានត្រឹមតែ 45 នាទីប៉ុណ្ណោះ។ ការប្រកួតពីរលើកបន្ទាប់ទៀតរបស់ Liverpool ប្រឆាំងនឹង Inter Milan ក្នុង Champions League និង Brighton & Hove Albion នៅ Premier League អាចបង្ហាញពីអនាគតរបស់សាឡានៅក្លឹបហង្សក្រហម។
