គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរបានកើតឡើងនៅខេត្តឧបោនរាជធានី (Ubon Ratchathani) របស់ប្រទេសថៃ នៅពេលដែលរថយន្តចំនួន១០គ្រឿងបុកតកន្ទុយគ្នា ក្នុងពេលពលរដ្ឋជម្លៀសចេញពីតំបន់ព្រំដែនកម្ពុជា-ថៃ។

តាមការផ្សាយរបស់ Khaosod ហេតុការណ៍នេះកើតឡើងនារាត្រីថ្ងៃអាទិត្យទី៧ខែធ្នូ លើផ្លូវរវាងស្រុក Nam Yuen និង Det Udom។ ការជម្លៀសនេះបានកើតឡើងបន្ទាប់ពីកងទ័ពថៃបានប្រកាសឲ្យអ្នកស្រុកភៀសខ្លួនចេញពីតំបន់ព្រំដែន ដោយសារស្ថានភាពតានតឹងយោធា។
គ្រោះថ្នាក់បុករថយន្តបានបណ្តាលឲ្យកកស្ទះចរាចរណ៍ចម្ងាយជាង៤គីឡូម៉ែត្រ និងបង្កការភ័យរន្ធត់ដល់ប្រជាពលរដ្ឋដែលកំពុងភៀសខ្លួន។
ស្ថានភាពតានតឹងនៅព្រំដែនបានកើនឡើងបន្ទាប់ពីកងទ័ពថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា ដោយចាប់ផ្តើមនៅរសៀលថ្ងៃទី៧ធ្នូ ហើយបន្តរហូតដល់ព្រឹកថ្ងៃទី៨ធ្នូ។ តាមសេចក្តីប្រកាសក្រសួងការពារជាតិកម្ពុជា យោធាថៃបានប្រើប្រាស់កាំភ្លើងដៃ កាំភ្លើងយន្ត B៤០ ត្បាល់៦០ និងរថក្រោះក្នុងការវាយប្រហារ។
កងកម្លាំងកម្ពុជាបានទាក់ទងទៅភាគីថៃឲ្យបញ្ឈប់ការបាញ់ជាបន្ទាន់ ដោយសង្កត់ធ្ងន់ថាភាគីកម្ពុជាមិនបានបាញ់តបនោះទេ។ សកម្មភាពយោធាថៃបានបណ្តាលឲ្យមានការភៀសខ្លួនយ៉ាងធំធេងពីតំបន់ព្រំដែន ដែលនាំឲ្យកើតគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរនេះ។
អត្ថបទ៖ សុខ សុវណ្ណ
