សារព័ត៌មានអន្តរជាតិ CNN បានចេញផ្សាយអត្ថបទពិសេសមួយនៅព្រឹកថ្ងៃចន្ទទី៨ ខែធ្នូ ឆ្នាំ២០២៥ ដោយរាយការណ៍ពីសកម្មភាពយោធាថៃដែលបានបើកការវាយប្រហារតាមអាកាសលើតំបន់ព្រះវិហាររបស់កម្ពុជា។ ការវាយប្រហារនេះកើតឡើងក្នុងពេលដែលផែនការសន្តិភាពដែលមានលោកត្រាំជាសាក្សីកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។

យោងតាមក្រសួងការពារជាតិកម្ពុជា ការបាញ់ប្រហារដំបូងបានចាប់ផ្ដើមនៅម៉ោង ១៤:១៥ ថ្ងៃអាទិត្យ នៅតំបន់ព្រលានថ្ម ស្រុកជាំក្សាន្ត។ ទាហានថៃបានប្រើកាំភ្លើងដៃ កាំភ្លើងយន្ត B៤០ និងត្បាល់៦០ ក្នុងការវាយប្រហារនេះ។ កងកម្លាំងកម្ពុជាបានទាក់ទងទៅភាគីថៃដើម្បីទាមទារឱ្យបញ្ឈប់ការបាញ់ ហើយការបាញ់ត្រូវបានបញ្ឈប់នៅម៉ោង ១៤:៣២។
ក្នុងយប់ថ្ងៃទី៧ ធ្នូ ការបាញ់ប្រហារទីពីរបានកើតឡើងនៅម៉ោង ២០:០២ នៅតំបន់អូរផ្កាស្នេហ៍ ដោយប្រើកាំភ្លើងដៃបាញ់ចូលខ្សែត្រៀមកម្ពុជា។ ការបាញ់បន្តបន្ទាប់កើតឡើងនៅម៉ោង ២០:៣០ នៅតំបន់ព្រលានថ្មដដែល ហើយត្រូវបានបញ្ឈប់នៅម៉ោង ២០:៥០។
នៅព្រឹកថ្ងៃទី៨ ធ្នូ ការវាយប្រហារបានបន្តទៀតចាប់ពីម៉ោង ០៥:០៤ នៅតំបន់អានសេះ ប្រាសាទតាមាន់ធំ ប្រាសាទព្រះវិហារ និងចំការចេក។ ក្នុងការវាយប្រហារនេះ យោធាថៃបានប្រើរថក្រោះបាញ់ចូលជាច្រើន។
សកម្មភាពយោធាទាំងនេះកើតឡើងក្នុងពេលដែលរថយន្តពលរដ្ឋថៃ ១០គ្រឿងបានបុកគ្នាក្នុងពេលជម្លៀសចេញពីព្រំដែនខេត្ត Ubon Ratchathani។
អត្ថបទ៖ សុខ សុវណ្ណ
