ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានធ្វើការអំពាវនាវដល់កម្លាំងជួរមុខទាំងអស់ឲ្យបន្តការអត់ធ្មត់ នៅពេលដែលក្រុមឈ្លានពានបានប្រើប្រាស់អាវុធគ្រប់ប្រភេទបាញ់មកលើកម្លាំងកម្ពុជា តាំងពីថ្ងៃម្សិលមិញ យប់មុន និងព្រឹកមិញនេះ។

សម្តេចតេជោបានបញ្ជាក់ថា៖ “ក្នុងគោលបំណងទាញយើងឲ្យតបត ដើម្បីបំផ្លាញចោលបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជា-ថៃ។ បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយ សូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននាយទាហាន ពលទាហានយល់ដឹងគ្រប់ៗគ្នា។”
សម្តេចបានស្នើសុំឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយដល់ប្រជាជនដែលភៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់ មកកាន់តំបន់មានសុវត្ថិភាព។ សម្តេចបានបញ្ជាក់ផងដែរថា៖ “ខ្ញុំបានលុបចោលកម្មវិធីការងារផ្សេងៗទៀតអស់ហើយ ដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រីបញ្ជាលើកម្លាំងប្រដាប់អាវុធទប់ទល់ជាមួយការឈ្លានពាន។”

សម្តេចបានស្នើសុំការយោគយល់ពីភ្ញៀវជាតិ និងអន្តរជាតិដែលមិនអាចជួបសម្តេចបាន ហើយបានជំរុញឲ្យកីឡាករ កីឡាការិនីដែលទៅចូលការប្រកួតសុីហ្គេមលើកទី៣៣នៅប្រទេសថៃ ចូលរួមការប្រកួតជាធម្មតា។
ដោយ៖ សិលា
