ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីប្រកាសថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពបាញ់ប្រហាររបស់យោធាថៃ ដែលបានធ្វើឡើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។

យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា យោធាថៃបានចាប់ផ្តើមការបាញ់ប្រហារចាប់ពីម៉ោង ០៥:០៤នាទីព្រឹក នៅតំបន់អានសេះ ប្រាសាទតាមាន់ធំ ប្រាសាទព្រះវិហារ និងតំបន់ជិតខាងផ្សេងៗទៀត។ ការវាយប្រហារនេះបានបន្តរហូតដល់ម៉ោង ១១:០០នាទី ដោយប្រើអាវុធផ្សេងៗរួមទាំងកាំភ្លើងធំ ១៥៥mm រថក្រោះ និងយន្តហោះចម្បាំងប្រភេទ F-16។

ជាពិសេស យោធាថៃបានប្រើប្រាស់ផ្សែងពុលនៅតំបន់ភ្នំខ្មោច និងប្រាសាទព្រះវិហារ ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ។
ការបាញ់ប្រហារនេះបានធ្វើឱ្យប្រជាពលរដ្ឋស៊ីវិលមួយចំនួនរបួស និងផ្ទះសម្បែងឆេះអស់ ដែលបង្ខំឱ្យប្រជាជនត្រូវជម្លៀសចេញពីតំបន់គ្រោះថ្នាក់។ អាជ្ញាធរខេត្តព្រះវិហារ និងឧត្តរមានជ័យបានជួយសម្របសម្រួលការភៀសខ្លួន។

កម្ពុជាបានអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសសកម្មភាពខុសច្បាប់របស់ថៃ និងទាមទារឱ្យថៃទទួលខុសត្រូវចំពោះការរំលោភបំពាននេះ។ កម្ពុជាបន្តគោរពបទឈប់បាញ់ និងប្តេជ្ញាដោះស្រាយជម្លោះដោយសន្តិវិធីតាមច្បាប់អន្តរជាតិ។
