នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសថា អ៊ីស្រាអែល និងហាម៉ាស «រំពឹងថានឹងឈានចូលដំណាក់កាលទីពីរ» នៃកិច្ចព្រមព្រៀងបទឈប់បាញ់ក្នុងពេលឆាប់ៗ នៅពេលដែលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនប្រគល់អដ្ឋិធាតុរបស់ចំណាប់ខ្មាំងចុងក្រោយ។

ក្នុងសន្និសីទសារព័ត៌មានជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz កាលពីថ្ងៃអាទិត្យទី៧ ខែធ្នូ ឆ្នាំ២០២៥ លោកណេតាន់យ៉ាហ៊ូបានលើកឡើងថា ដំណាក់កាលបន្ទាប់ ដែលគ្របដណ្តប់លើការរំសាយអាវុធហាម៉ាស និងការដកកងកម្លាំងអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សា អាចចាប់ផ្តើមនៅចុងខែនេះ។
ក្រុមហាម៉ាសនៅមិនទាន់បានប្រគល់អដ្ឋិធាតុរបស់លោក Ran Gvili ជាមន្ត្រីប៉ូលិសវ័យ២៤ឆ្នាំ ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ អ៊ីស្រាអែលនិយាយថា ការប្រគល់សពរបស់លោក ក្នុងលក្ខខណ្ឌដោះដូរជាមួយអដ្ឋិធាតុប៉ាឡេស្ទីន១៥នាក់ នឹងបញ្ចប់ដំណាក់កាលដំបូងនៃផែនការឈប់បាញ់២០ចំណុច ដែលរៀបចំដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
មន្ត្រីជាន់ខ្ពស់ហាម៉ាសបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Associated Press ថា ក្រុមនេះត្រៀមខ្លួនពិភាក្សាអំពី «ការបង្កក ឬការរក្សាទុក ឬការដាក់ចុះ» អាវុធរបស់ខ្លួនដែលជាផ្នែកនៃកិច្ចព្រមព្រៀង ដែលជាបញ្ហាចម្រូងចម្រាសបំផុតនៃបទឈប់បាញ់។
លោកណេតាន់យ៉ាហ៊ូបានព្រមានថា ដំណាក់កាលទីពីរនឹង «ពោរពេញដោយបញ្ហាប្រឈម» ដោយកត់សម្គាល់ថា ដំណាក់កាលទីបីមានគោលបំណង «ដកឫសគល់នៃភាពជ្រុលនិយមនៅហ្គាហ្សា» ស្រដៀងនឹងកិច្ចខិតខំប្រឹងប្រែងក្រោយសង្គ្រាមនៅអាល្លឺម៉ង់ និងជប៉ុន។ លោកបានថ្លែងថា «ពិតណាស់ ហាម៉ាសត្រូវតែត្រូវរំសាយខ្លួន»។
ហាម៉ាសអះអាងថា ខ្លួនមិនអាចកំណត់ទីតាំងអដ្ឋិធាតុទាំងអស់បានទេ ដោយសារតែអដ្ឋិធាតុខ្លះត្រូវបានកប់ក្រោមគំនរបាក់បែកពីការវាយលុកពីរឆ្នាំរបស់អ៊ីស្រាអែល។ អ៊ីស្រាអែលចោទប្រកាន់ក្រុមនេះថាជាការបង្អែបង្អង់ និងបានគំរាមបន្តប្រតិបត្តិការយោធា ឬរឹតត្បិតជំនួយមនុស្សធម៌ បើអដ្ឋិធាតុទាំងអស់មិនត្រូវបានប្រគល់មកវិញ។
ក្រុមគ្រួសាររបស់ចំណាប់ខ្មាំងបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងមិនអាចឈានទៅដល់ដំណាក់កាលបន្ទាប់បានទេ មុនពេលលោក Ran Gvili ត្រឡប់មកផ្ទះវិញ»។
ការវាយប្រហារដោយហាម៉ាសក្នុងឆ្នាំ២០២៣ បានសម្លាប់មនុស្ស១២០០នាក់នៅអ៊ីស្រាអែល និងមានមនុស្សជាង២៥០នាក់ត្រូវចាប់ធ្វើជាចំណាប់ខ្មាំង។ ការវាយលុកសងសឹករបស់អ៊ីស្រាអែលនៅហ្គាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៧០,៣៦០នាក់ តាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយហាម៉ាស។
