(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមកលើតំបន់ព្រំដែនកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្ហោះសារអំពាវនាវឱ្យប្រជាជនខ្មែរទាំងអស់រួមគ្នាបញ្ចេញសំឡេង ដើម្បីឱ្យបានឮទូទាំងពិភពលោក។

តាមរយៈបណ្តាញទំនាក់ទំនងសង្គម លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្ហោះសារដ៏សំខាន់មួយដែលថា៖ “សន្តិភាពកម្ពុជាត្រូវបានបំផ្លាញជាថ្មីម្តងទៀត ជាពិសេសបន្ទាប់ពីព្រឹត្តិការណ៍នៃ«សេចក្តីថ្លែងការណ៍រួម»ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា នៅទីក្រុងគូឡាឡាំពួ។

លោកបានពិពណ៌នាអំពីស្ថានភាពដ៏គ្រោះថ្នាក់ថា៖ “ម្តងទៀត ថ្ងៃនេះ សំឡេងកាំភ្លើង អាវុធធុនធ្ងន់ និងកាំភ្លើងធំ បានផ្ទុះឡើង ដែលបង្កើតការភ័យខ្លាចក្នុងចំណោមប្រជាជនយើង។ រូបភាពប្រជាជនយើង និងជាពិសេសកូនសិស្សសាលា ដែលទើបតែមកដល់សាលា ត្រូវរត់ទាំងភ័យស្លន់ស្លោ។”

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា៖ “អ្វីដែលកម្ពុជាចង់បាន គឺសន្តិភាព ដែលយើងតែងប្រកាន់យកយ៉ាងខ្ជាប់ខ្ជួន។ យើងបានរក្សាជំហរស្មោះត្រង់ ក្នុងការជ្រើសរើសយកនូវដោះស្រាយជម្លោះព្រំដែនដោយមិត្តភាព មិនមែនតាមមធ្យោបាយយោធា។”

ក្នុងសាររបស់ខ្លួន លោក ហ៊ុន ម៉ានី បានស្នើសុំថា៖ “សូមឲ្យសំឡេងខ្មែរ បានឮទូទាំងពិភពលោក ហើយសូមឲ្យសន្តិភាព បន្តមានដើម្បីជាប្រយោជន៍ប្រជាជនកម្ពុជាយើង និងប្រជាជនថៃដូចគ្នាដែរ។”

លោកបានបញ្ចប់សារដោយសំខាន់ថា៖ “ពេលនេះ ម៉ោងនេះ ស្មារតី ទឹកចិត្ត ទំនុកចិត្ត និងភាពជឿជាក់របស់ប្រជាជនកម្ពុជាគ្រប់រូប គឺស្ថិតនៅជាមួយវីរៈកងទ័ព មិនថានៅក្នុងកាលៈទេសៈណាឡើយ។”

សារនេះត្រូវបានបង្ហោះនៅពេលដែលស្ថានភាពនៅតំបន់ព្រំដែនកម្ពុជា-ថៃកំពុងតែតានតឹង បន្ទាប់ពីការវាយប្រហារពីភាគីថៃ។ កាលៈទេសៈនេះបានធ្វើឱ្យប្រជាជនកម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសន្តិភាពជាតិ។
ផ្ដល់សិទ្ធិដោយ៖ Fresh News
