រដ្ឋាភិបាលឥណ្ឌូណេស៊ីបានប្រកាសថា កោះស៊ូម៉ាត្រាត្រូវការមូលនិធិកសាងឡើងវិញចំនួន ៥.១៨២ ទ្រីលានរូពី (ប្រហែល ៣,១ ពាន់លានដុល្លារ) បន្ទាប់ពីទទួលរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរ។

យោងតាមទិន្នន័យផ្លូវការ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងការបាក់ដីបានកើនឡើងដល់ ៩៥០ នាក់ ខណៈ ២៧៤ នាក់ទៀតនៅតែបាត់ខ្លួន។ ព្យុះស៊ីក្លូនដដែលនេះក៏បានសម្លាប់មនុស្សប្រហែល ២០០ នាក់នៅភាគខាងត្បូងប្រទេសថៃ និងម៉ាឡេស៊ីផងដែរ។
លោក Suharyanto ប្រធានទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ឥណ្ឌូណេស៊ីបានឲ្យដឹងថា ការប៉ាន់ប្រមាណបច្ចុប្បន្នគ្របដណ្តប់លើខេត្តដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតចំនួន ៣ គឺ Aceh, ស៊ូម៉ាត្រាខាងជើង និងស៊ូម៉ាត្រាខាងលិច។
លោកបានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលដឹកនាំដោយប្រធានាធិបតី Prabowo Subianto ថា ខេត្ត Aceh តែឯងនឹងត្រូវការ ២៥,៤១ ទ្រីលានរូពី ដែលជាចំណែកដ៏ធំបំផុតនៃចំនួនសរុប។ ខេត្តស៊ូម៉ាត្រាខាងជើងត្រូវការ ១២,៨៨ ទ្រីលានរូពី ខណៈស៊ូម៉ាត្រាខាងលិចត្រូវការ ១៣,៥២ ទ្រីលានរូពី។
លោក Suharyanto បានលើកឡើងថា «តំបន់ដែលស្ថិតក្នុងស្ថានភាពល្អប្រសើររួចហើយអាចចាប់ផ្តើមដំណើរការកសាងឡើងវិញបាន។ យើងនឹងផ្លាស់ប្តូរទីលំនៅរបស់ប្រជាជនដែលរស់នៅក្នុងមជ្ឈមណ្ឌលជម្លៀស ទៅកាន់ផ្ទះបណ្តោះអាសន្ន»។
