រាជធានីភ្នំពេញ – ក្រសួងការពារជាតិបានច្រានចោលព័ត៌មានមិនពិតរបស់ថៃ និងបញ្ជាក់យ៉ាងច្បាស់ថា កងទ័ពថៃជាអ្នកចាប់ផ្តើមបង្កហេតុជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ក្នុងសេចក្តីប្រកាសផ្លូវការនាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការពារជាតិបានបញ្ជាក់ថា ការលើកឡើងរបស់អាជ្ញាធរយោធាថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួនដែលថា កម្ពុជាបើកការបាញ់មុន និងប្រើសព្វាវុធធុនធ្ងន់ គឺជាព័ត៌មានមិនពិតទាំងស្រុង។
តាមការបញ្ជាក់របស់ក្រសួងការពារជាតិ កងកម្លាំងយោធាថៃបានចាប់ផ្តើមបើកការវាយប្រហារមកលើកងកម្លាំងយោធាកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់តាំងពីម៉ោង៥ព្រឹកមក។

ក្រសួងការពារជាតិបានបញ្ជាក់បន្ថែមថា សកម្មភាពនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេសឧបទវហេតុកាលពីម្សិលមិញនៅព្រះលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។
ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ កងកម្លាំងកម្ពុជាក៏មិនបានធ្វើការបាញ់តបតឡើយ និងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន។

ជាមួយគ្នានេះ កម្ពុជាបានជូនដំណឹងជាលើកទីពីរទៅក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះរួចហើយ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ចុះទៅទីតាំង ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីស្វែងរកការពិត និងធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ។
ក្រសួងការពារជាតិបានអះអាងថា កម្ពុជានៅតែបន្តយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើស្ថានភាពតាមបណ្តោយព្រំដែន និងស្វែងរកដំណោះស្រាយសន្តិវិធីតាមរយៈផ្លូវការទាំងអស់។
