យោធាថៃបាញ់ប្រហារចូលភូមិប្រជាពលរដ្ឋ បណ្តាលឱ្យមានរបួស និងផ្ទះឆេះជាច្រើននៅព្រំដែន

យោធាថៃបាញ់ប្រហារចូលភូមិប្រជាពលរដ្ឋ បណ្តាលឱ្យមានរបួស និងផ្ទះឆេះជាច្រើននៅព្រំដែន

(រាជធានីភ្នំពេញ)៖ យោធាថៃបានបើកការបាញ់ប្រហារចូលទៅក្នុងភូមិប្រជាពលរដ្ឋ បណ្តាលឱ្យមានអ្នករងរបួស និងផ្ទះសម្បែងឆេះអស់ជាច្រើនខ្នងនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។

ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ថា ការបាញ់ប្រហាររបស់យោធាថៃបានឈានដល់តំបន់រស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

«ការបាញ់ប្រហារនេះបណ្តាលឱ្យប្រជាពលរដ្ឋស្លូតត្រង់រងរបួស ផ្ទះសម្បែងឆេះអស់ជាច្រើនខ្នង ហើយប្រជាពលរដ្ឋក្មេងចាស់ ប្រុសស្រី ត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញទៅរកទីសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ» ជាពាក្យរបស់លោកជំទាវ។

យោធាថៃបានបន្តបើកការបាញ់ប្រហារសាជាថ្មីមកលើកងកម្លាំងកម្ពុជា ចាប់ពីម៉ោង ០៥:០៤នាទីព្រឹក នៅតំបន់អានសេះ ប្រាសាទតាមាន់ធំ ប្រាសាទព្រះវិហារ និងតំបន់ផ្សេងៗទៀតតាមបណ្តោយព្រំដែន។ គិតមកត្រឹមម៉ោង ១១:០០នាទី ការបាញ់ប្រហារនៅតែបន្តដំណើរការ។

កងកម្លាំងកម្ពុជាបាននិងកំពុងបន្តតាមដានលើការវិវត្តនៃស្ថានការណ៍ និងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ ការវាយប្រហារនេះកើតឡើងក្រោយពីភាគីថៃបានធ្វើសកម្មភាពបង្កហេតុ និងផ្សព្វផ្សាយព័ត៌មានមិនពិតជាច្រើនថ្ងៃមកហើយ។

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles