ភ្នំពេញ៖ សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិការកណ្តាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហាររបស់យោធាថៃលើតំបន់ជាច្រើនក្នុងដែនអធិបតេយ្យភាពកម្ពុជា។

សម្ដេចបានធ្វើការប្រកាសនេះក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ធំ នាថ្ងៃទី៨ ធ្នូ ២០២៥។ ក្នុងឱកាសនេះ សម្ដេចបានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនសមាជិកទាំងអស់។

សម្ដេចក៏បានអរគុណចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តកំពង់ធំ និងអបអរសាទរចំពោះលោកស្រី លឹម មួយស្រៀន នួនផារ័ត្ន ដែលត្រូវបានតែងតាំងជាប្រធានកិត្តិយសគណៈកម្មការសាខា។

សម្ដេចបានផ្តាំផ្ញើឱ្យគណៈកម្មការសាខាបន្តខិតខំពង្រឹងការងារ និងអនុវត្តតាមគោលនយោបាយរបស់រដ្ឋាភិបាល ដែលទទួលស្គាល់ថា «ស្ត្រីគឺជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ច និងសង្គមជាតិ»។

សម្ដេច ម៉ែន សំអន បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ក្នុងនាមប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខ្ញុំបានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះយោធាថៃ ដែលបានវាយប្រហារជាបន្តបន្ទាប់លើតំបន់ជាច្រើនក្នុងដែនអធិបតេយ្យភាពព្រះរាជាណាចក្រកម្ពុជា»។
