នាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban បានព្រមានថា សហភាពអឺរ៉ុប (EU) កំពុងត្រៀមខ្លួនធ្វើសង្គ្រាមជាមួយរុស្ស៊ីនៅឆ្នាំ២០៣០ ដោយមានផែនការ៤ដំណាក់កាល។

លោក Orban ដកស្រង់សម្តីដោយសារព័ត៌មាន RT នៅក្នុងពិធីជួបជុំក្នុងទីក្រុង Kecskemet ថ្ងៃទី៧ធ្នូ ២០២៥ ថា EU បានរៀបចំវិធានការ៤ដំណាក់កាល៖ ផ្តាច់ទំនាក់ទំនងការទូត ដាក់ទណ្ឌកម្ម បញ្ចប់សហប្រតិបត្តិការសេដ្ឋកិច្ច និងចុងក្រោយផ្ទុះជម្លោះប្រដាប់អាវុធ។
លោកបន្តថា វិធានការទាំងនេះមានគោលបំណងធ្វើឲ្យរុស្ស៊ីចុះខ្សោយ និងពង្រឹងកម្លាំង EU ឲ្យត្រៀមខ្លួនបានកាន់តែល្អ ទើបធ្វើសង្គ្រាមនៅឆ្នាំ២០៣០។
យ៉ាងណាក៏ដោយ លោក Orban បានបញ្ជាក់យ៉ាងច្បាស់អំពីជំហរប្រឆាំងសង្គ្រាមរបស់ហុងគ្រី ដោយអះអាងថា ទីក្រុងប៊ុយដាប៉ែសចង់ឲ្យអឺរ៉ុបនៅឆ្ងាយពីការច្បាំងគ្នា។
នេះមិនមែនជាលើកដំបូងដែលលោក Orban ព្រមានពីការផ្ទុះសង្គ្រាមរវាង EU ជាមួយរុស្ស៊ីទេ។ កាលពីខែឧសភា លោកបានព្រមានថា ការទទួលយកអ៊ុយក្រែនចូលជាសមាជិក EU នឹងបង្កឲ្យមានសង្គ្រាម។
លោកបានប្រាប់សន្និសីទប្រធានសភា EU ថា៖ «ហុងគ្រីសូមប្រឆាំងយ៉ាងដាច់អហង្ការចំពោះសមាជិកភាពរបស់អ៊ុយក្រែនក្នុង EU។ ក្នុងនាមជាអ្នកជិតខាងអ៊ុយក្រែន យើងជឿថា បើអ៊ុយក្រែនចូល EU បានមែន នោះមានន័យស្មើនឹងសង្គ្រាមហើយ។»
រីឯប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បញ្ជាក់ថា ទីក្រុងមូស្គូគ្មានផែនការប្រយុទ្ធជាមួយ EU ឬ NATO នោះទេ ប៉ុន្តែនឹងឆ្លើយតបប្រសិនបើបណ្តាប្រទេសលោកខាងលិចចាប់ផ្តើមសង្គ្រាមប្រឆាំងរុស្ស៊ី៕
