ក្រុមនាវាផ្ទុកយន្តហោះចិនបានបង្កើនប្រតិបត្តិការយោធាយ៉ាងខ្លាំងក្លានៅជិតប្រទេសជប៉ុនកាលពីចុងសប្តាហ៍កន្លងមក ដែលធ្វើឲ្យទំនាក់ទំនងដ៏តានតឹងរវាងប្រទេសទាំងពីរកាន់តែតានតឹងថែមទៀត។
![]()
យោងតាមកងកម្លាំងស្វ័យការពារជប៉ុន (SDF) នាវាផ្ទុកយន្តហោះ Liaoning របស់ចិនបានបង្ហោះ និងចុះចតយន្តហោះចម្បាំងចុះឡើងប្រហែល ១០០លើក នៅពេលដែលវាធ្វើដំណើរទៅភាគខាងកើតចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកឆ្លងកាត់ប្រជុំកោះអូគីណាវ៉ា។
ទីក្រុងតូក្យូបានកោះហៅឯកអគ្គរដ្ឋទូតចិន លោក Wu Jianghao បន្ទាប់ពីចោទប្រកាន់ថា យន្តហោះចម្បាំងចិនដែលហោះចេញពីនាវា Liaoning បានតម្រង់ភ្លើងរ៉ាដាទៅលើយន្តហោះជប៉ុនដែលកំពុងហោះតាមដានក្រុមនាវាចិន។ ការបាញ់ពន្លឺរ៉ាដានេះអាចជាសញ្ញានៃការត្រៀមរៀបចំសម្រាប់ការវាយប្រហារ។
![]()
ប្រទេសចិនបានបដិសេធការចោទប្រកាន់នេះ ដោយនិយាយថា យន្តហោះជប៉ុនបានបង្កគ្រោះថ្នាក់ដោយព្យាយាមចូលទៅជិតក្រុមនាវាផ្ទុកយន្តហោះ ដែលកំពុងបើកបរជាមួយនាវាពិឃាតមីស៊ីលចំនួន ៣គ្រឿងផ្សេងទៀត។
ស្ថានទូតចិនបានរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍ថា «ចិនទាមទារយ៉ាងដាច់ណាត់ឲ្យជប៉ុនបញ្ឈប់ការបង្ខូចកេរ្តិ៍ឈ្មោះ កំណត់យ៉ាងតឹងរ៉ឹងនូវសកម្មភាពជួរមុខរបស់ខ្លួន និងទប់ស្កាត់ឧប្បត្តិហេតុស្រដៀងគ្នានេះកុំឲ្យកើតឡើងម្តងទៀត»។
ប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន លោក Minoru Kihara បានលើកឡើងថា យន្តហោះជប៉ុនបានធ្វើសកម្មភាពត្រឹមត្រូវ ហើយទីក្រុងតូក្យូនឹង «ឆ្លើយតបដោយស្ងប់ស្ងាត់ ប៉ុន្តែម៉ឺងម៉ាត់ និងបន្តតាមដានចលនារបស់កងកម្លាំងចិននៅក្នុងដែនទឹកជុំវិញប្រទេសរបស់យើង»។
![]()
ការប្រឈមមុខគ្នាកាលពីចុងសប្តាហ៍ កើតឡើងចំពេលមានការបង្កើនវោហាសាស្ត្រលើបញ្ហាតៃវ៉ាន់។ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានព្រមានកាលពីខែមុនថា ជប៉ុនអាចនឹងឆ្លើយតបទៅនឹងសកម្មភាពយោធារបស់ចិនណាមួយប្រឆាំងនឹងតៃវ៉ាន់។
ចិនអះអាងថា តៃវ៉ាន់គឺជាទឹកដីរបស់ខ្លួន ហើយបានបង្កើនសម្ពាធយោធាលើដែនកោះមួយនេះ ដែលស្ថិតនៅចម្ងាយត្រឹមតែ ១១០គីឡូម៉ែត្រ ពីកោះភាគខាងលិចបំផុតរបស់ជប៉ុនក្នុងខេត្តអូគីណាវ៉ា។
