សង្គ្រាមអ៊ុយក្រែន៖ នាយប់ថ្ងៃទី៦ មកទី៧ ធ្នូ រុស្ស៊ីបានធ្វើការវាយប្រហារដោយទ្រង់ទ្រាយធំបំផុតមួយ ដោយប្រើដ្រូន៦៥៣គ្រឿង និងគ្រាប់មីស៊ីល៥១គ្រាប់ប្រឆាំងអ៊ុយក្រែន។ ការវាយប្រហារនេះបានបង្កើនភាពតានតឹងយ៉ាងខ្លាំង ខណៈក្រុងគៀវត្រៀមខ្លួនបន្តការចរចាជាមួយអាមេរិកក្នុងក្របខណ្ឌនៃការខិតខំប្រឹងប្រែងខាងការទូត។

កងទ័ពអាកាសអ៊ុយក្រែនបានថ្លែងថា ក្រុងម៉ូស្គូបានបញ្ជូនដ្រូនដល់៦៥៣គ្រឿង និងបាញ់មីស៊ីល៥១គ្រាប់ ដែលនាំឲ្យមានការប្រកាសអាសន្នទូទាំងប្រទេស។ កងទ័ពអ៊ុយក្រែនអាចបាញ់ទម្លាក់ដ្រូន៥៨៥គ្រឿង និងមីស៊ីល៣០គ្រាប់។ សរុបទីតាំង២៤កន្លែងរងការវាយប្រហារ បណ្ដាលឲ្យមនុស្សយ៉ាងតិច៨នាក់រងរបួស ក្នុងនោះ៣នាក់នៅក្រុងគៀវ។

តំបន់ដែលរងការវាយប្រហាររួមមាន៖ ក្រុងឌីនីប្រូ ឈ័រនីហ៊ីវ ហ្សាប៉ូរីហ្ស៊ីយ៉ា អូឌីសា លវីវ វ៉ូលីន និងមីកូឡៃអ៊ីវ។ ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរហ្សេឡេនស្គីបានគូសបញ្ជាក់ថា ក្រុងមូស្គូមិនអាចធ្វើមិនដឹងមិនឮឡើយចំពោះការវាយប្រហារលើទីតាំងស៊ីវិល។
រុស្ស៊ីបានវាយប្រហារលើបណ្ដាញថាមពលអ៊ុយក្រែន ខណៈអ៊ុយក្រែនក៏បានបង្កើនការវាយប្រហារដោយដ្រូនប្រឆាំងរចនាសម្ព័ន្ធថាមពលរុស្ស៊ី។ ការវាយប្រហារទាំងសងខាងកើតឡើងទន្ទឹមពេលគ្នានឹងថ្ងៃទី៣នៃការចរចារវាងគណៈប្រតិភូអ៊ុយក្រែននិងអាមេរិកស្ដីពីការបញ្ចប់សង្គ្រាម។
