(ភ្នំពេញ)៖ ក្រសួងការពារជាតិបានបង្ហាញរបាយការណ៍លម្អិតអំពីការវាយប្រហាររបស់យោធាថៃលើដែនអធិបតេយ្យកម្ពុជា ដោយប្រើយន្តហោះចម្បាំង F-16 និងផ្សែងពុល ខណៈកម្ពុជារក្សាការអត់ធ្មត់ខ្ពស់បំផុត។

នៅថ្ងៃទី៨ ធ្នូ ២០២៥ យោធាថៃបានបន្តការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា ចាប់ពីម៉ោង ០៥:០៤ព្រឹក នៅតំបន់អានសេះ ប្រាសាទតាមាន់ធំ ប្រាសាទព្រះវិហារ និងតំបន់ផ្សេងៗទៀតតាមបណ្តោយព្រំដែន។
ការវាយប្រហារបានធ្វើឡើងជាបន្តបន្ទាប់ចាប់ពីម៉ោង ០៤:០០ព្រឹក ដោយយោធាថៃបានប្រើរថយន្តធន់ធំ កាំភ្លើងដៃ កាំភ្លើងយន្ត រថក្រោះ និងកាំភ្លើងធំ ១៥៥mm។ នៅម៉ោង ០៨:១០នាទី ពួកគេបានបាញ់ផ្សែងពុលចូលទីតាំងនៅតំបន់ភ្នំខ្មោច និងប្រាសាទព្រះវិហារ។
សកម្មភាពធ្ងន់ធ្ងរបំផុតកើតឡើងនៅម៉ោង ០៩:០៥នាទី នៅពេលយោធាថៃបានប្រើយន្តហោះចម្បាំង F-16 វាយប្រហារលើកងកម្លាំងកម្ពុជានៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ការបាញ់ប្រហារបានឈានចូលដល់ភូមិរស់នៅរបស់ប្រជាពលរដ្ឋ បណ្តាលឱ្យមានអ្នករបួស និងផ្ទះឆេះ ដែលធ្វើឱ្យប្រជាជនត្រូវជម្លៀសចេញពីតំបន់គ្រោះថ្នាក់។ អាជ្ញាធរខេត្តព្រះវិហារ និងឧត្តរមានជ័យបានជួយសម្របសម្រួលការភៀសខ្លួន។
កងកម្លាំងកម្ពុជាបានប្រកាន់ខ្ជាប់នូវការគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព ដោយមិនបានតបតទៅវិញ ដោយឈរលើមូលដ្ឋាននៃការដោះស្រាយបញ្ហាតាមរយៈសន្តិវិធីតាមច្បាប់អន្តរជាតិ។
រហូតដល់ម៉ោង ១១:០០នាទី យោធាថៃនៅតែបន្តការបាញ់ប្រហារ ខណៈកងកម្លាំងកម្ពុជានៅតែស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់ និងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់។
