រាជធានីភ្នំពេញ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសើរយ៉ាងខ្ពស់ចំពោះការដឹកនាំរបស់រដ្ឋបាលខណ្ឌឫស្សីកែវ និងជំរុញឲ្យខណ្ឌផ្សេងៗយកគំរូតាម។

លោកបានសរសេរលើបណ្ដាញសង្គមនៅថ្ងៃទី៧ ធ្នូ ឆ្នាំ២០២៥ថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយការគិតគូរយកចិត្តទុកដាក់ និងការទទួលខុសត្រូវរបស់រដ្ឋបាលខណ្ឌឫស្សីកែវ។

ជាពិសេសមានការចុះដឹកនាំដោយផ្ទាល់ពីលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ក្នុងការរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ អនាម័យ និងបរិស្ថាន នៅតាមដងផ្លូវ និងតំបន់មួយចំនួនក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជាមួយគ្នានេះ លោកក៏សូមលើកទឹកចិត្តដល់បណ្ដាខណ្ឌផ្សេងទៀត ដែលមិនទាន់បានអនុវត្ត ឬពង្រឹងលើការងារនេះ សូមបង្កើនការយកចិត្តទុកដាក់ក្នុងការចូលរួម«ចលនារំដោះចិញ្ចើមផ្លូវ និងអនាម័យ បរិស្ថាន» ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានគ្រប់ខណ្ឌ ក្នុងរាជធានីភ្នំពេញ ក៏ដូចជា នៅតាមបណ្ដាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងប្រទេស។

ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ត្រីក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួម«ចលនារំដោះចិញ្ចើមផ្លូវ និងអនាម័យ បរិស្ថាន» ឱ្យបានគ្រប់ៗគ្នា ព្រោះការចូលរួមរបស់បងប្អូន គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យផ្លូវធំទូលាយ មានចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង សម្រាប់កង់ ម៉ូតូ និងធ្វើឱ្យមូលដ្ឋានទាំងមូល ពោរពេញដោយសោភ័ណភាព និងបរិយាកាសស្រស់បំព្រង ពិសេសនាំមកនូវសុខភាពល្អ ដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ផងដែរ៕
អត្ថបទសរសេរដោយ អ៊ាង ប៊ុនរិទ្ធ
កែសម្រួលដោយ កៀន សុឃាក់
