(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានយ៉ាងខ្លាំងក្លា ដើម្បីបដិសេធទាំងស្រុងនូវការចោទប្រកាន់របស់កងទ័ពថៃ ដែលថា កម្ពុជាបានចល័តសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែន។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានចេញមុខបដិសេធយ៉ាងច្បាស់លាស់ និងចាត់ទុកការផ្សាយរបស់ផេកផ្លូវការកងទ័ពភូមិភាគទី១ របស់ថៃ ថាជា «ព័ត៌មានក្លែងក្លាយ» ដែលមានចេតនាបង្កភាពតានតឹងយោធាឡើងវិញ។
«ក្រសួងការពារជាតិកម្ពុជា សូមបដិសេធយ៉ាងខ្លាំងក្លា និងចាត់ទុកការផ្សាយនេះថាជាព័ត៌មានមិនពិតទាំងស្រុង។ កងកម្លាំងកម្ពុជាមិនបានធ្វើសកម្មភាពណាមួយដែលរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ឡើយ» លោកជំទាវ ម៉ាលី សុជាតា បានអះអាង។

ក្រសួងការពារជាតិបានបង្ហាញពីការពិតចំនួន ២ចំណុចសំខាន់៖
- ការលើកឡើងរបស់កងទ័ពថៃគឺជា «ព័ត៌មានមិនពិត» ទាំងស្រុង
- កម្ពុជាបន្តគោរពកិច្ចព្រមព្រៀងសន្តិភាពជាមួយថៃយ៉ាងពេញលេញ
នៅក្នុងសេចក្តីប្រកាសព័ត៌មាន ក្រសួងការពារជាតិបានបញ្ជាក់ជំហរម៉ឺងម៉ាត់ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅតាមព្រំដែន និងសន្យានឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយភាគីថៃ ដើម្បីធានាឱ្យស្ថានភាពត្រឡប់ទៅរកភាពប្រក្រតីវិញយ៉ាងឆាប់រហ័ស។
ប្រភព៖ ក្រសួងព័ត៍មាន
