ត្រាំ ស្តាយចិត្ត ពេល ហ្សេលេនស្គី បដិសេធមិនចុះហត្ថលេខា លើផែនការសន្តិភាពអាមេរិក-អ៊ុយក្រែន

ត្រាំ ស្តាយចិត្ត ពេល ហ្សេលេនស្គី បដិសេធមិនចុះហត្ថលេខា លើផែនការសន្តិភាពអាមេរិក-អ៊ុយក្រែន

ត្រាំ និង ហ្សេលេនស្គី

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ពីការខកចិត្តរបស់លោក ក្រោយពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បដិសេធមិនព្រមចុះហត្ថលេខាលើផែនការសន្តិភាព ដែលមានគោលបំណងបញ្ចប់សង្រ្គាមរុស្ស៊ី-អ៊ុយក្រែនជិតបួនឆ្នាំ។

យោងតាមទីភ្នាក់ងារព័ត៌មាន AP លោកត្រាំបានថ្លែងទៅកាន់អ្នកយកព័ត៌មានមុនពេលចូលរួមកម្មវិធី Kennedy Center Honors កាលពីថ្ងៃអាទិត្យទី៧ ខែធ្នូ ឆ្នាំ២០២៥ ថា៖ «ខ្ញុំជឿថា រុស្ស៊ីមិនអីទេជាមួយផែនការនេះ ប៉ុន្តែខ្ញុំមិនប្រាកដថា លោកហ្សេលេនស្គីនឹងចូលចិត្តវាឬក៏អត់នោះទេ»។

កិច្ចចរចាសន្តិភាព

លោកត្រាំបន្តរក្សាទំនាក់ទំនងតានតឹងជាមួយលោកហ្សេលេនស្គី ដោយលោកបានប្រកែកថា អ៊ុយក្រែនគួរតែយល់ព្រមប្រគល់ទឹកដីដើម្បីបញ្ចប់សង្គ្រាម ដែលលោកថាបានឆក់យកអាយុជីវិតច្រើនពេក និងបានធ្វើឲ្យអាមេរិកខាតបង់លុយសន្ធឹកសន្ធាប់។

ទន្ទឹមគ្នានេះ លោកហ្សេលេនស្គីបានលើកឡើងថា លោកបានធ្វើ«ការសន្ទនាមួយតាមទូរសព្ទប្រកបដោយខ្លឹមសារ» កាលពីថ្ងៃសៅរ៍ជាមួយមន្ត្រីអាមេរិក និងអ៊ុយក្រែន បន្ទាប់ពីកិច្ចចរចារយៈពេលបីថ្ងៃនៅរដ្ឋផ្លរីដា។ លោកទទូចថា អ៊ុយក្រែននៅតែប្តេជ្ញាចិត្តធ្វើការ«ដោយសុច្ចរិត» ឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពពិតប្រាកដមួយ។

វិមានក្រឹមឡាំងបានស្វាគមន៍យុទ្ធសាស្ត្រសន្តិសុខជាតិដែលទើបតែចេញផ្សាយថ្មីរបស់រដ្ឋបាលលោកត្រាំ ដោយអ្នកនាំពាក្យ លោក Dmitry Peskov បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Tass ថា ឯកសារនេះស្របតាមបំណងប្រាថ្នារបស់ទីក្រុងមូស្គូសម្រាប់ «កិច្ចសន្ទនា» និងការកែលម្អទំនាក់ទំនង។

សង្រ្គាមអ៊ុយក្រែន

លោក Keith Kellogg បេសកជនអ៊ុយក្រែនដែលផុតអាណត្តិរបស់លោកត្រាំ បាននិយាយថា កិច្ចខិតខំប្រឹងប្រែងសន្តិភាពនៅសល់បញ្ហាពីរដែលមិនទាន់ដោះស្រាយ គឺការគ្រប់គ្រងតំបន់ Donbas និងរោងចក្រនុយក្លេអ៊ែរ Zaporizhzhia ដែលទាំងពីរនេះភាគច្រើនត្រូវបានគ្រប់គ្រងដោយរុស្ស៊ី។

លោកហ្សេលេនស្គីបានបញ្ជាក់ថា៖ «ការចរចាសន្តិភាពជាមួយអាមេរិក មិនមែនជារឿងងាយស្រួលទេ»។

administrator

Related Articles