នាយករដ្ឋមន្ត្រីកម្ពុជា និងវៀតណាម សម្ពោធដាក់ឱ្យដំណើរការច្រកទ្វារអន្តរជាតិម៉ឺនជ័យ-តឹនណាម នៅព្រំដែនខេត្តព្រៃវែង

នាយករដ្ឋមន្ត្រីកម្ពុជា និងវៀតណាម សម្ពោធដាក់ឱ្យដំណើរការច្រកទ្វារអន្តរជាតិម៉ឺនជ័យ-តឹនណាម នៅព្រំដែនខេត្តព្រៃវែង

ច្រកទ្វារអន្តរជាតិម៉ឺនជ័យ-តឹនណាម

ព្រៃវែង – នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញធ្វើពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវច្រកទ្វារអន្តរជាតិម៉ឺនជ័យ-តឹនណាម ដែលជាច្រកទ្វារព្រំដែនសំខាន់រវាងប្រទេសទាំងពីរ។

ការសម្ពោធច្រកទ្វារព្រំដែន

ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតនៅភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នៅទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិតឹនណាម ស្ថិតនៅភូមិតឹនណាម ឃុំតាំងចិន ស្រុកតាំងបៀង ខេត្តតៃនិញ ប្រទេសវៀតណាម។

ច្រកទ្វារព្រំដែននេះដំបូងឡើយជាច្រករបៀង ដែលប្រជាពលរដ្ឋទាំងសងខាង (កម្ពុជា-វៀតណាម) តែងតែដោះដូរទំនិញ និងកសិផលទៅវិញទៅមក។ ក្រោយមកនៅកំឡុងឆ្នាំ២០១០ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតទៅជាច្រកទ្វារព្រំដែនតំបន់ ហើយដំឡើងទៅជាច្រកទ្វារព្រំដែនអន្តរជាតិនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤។

ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារ

លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានឱ្យដឹងថា សំណង់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែននេះ បានសាងសង់លើផ្ទៃដីសរុបចំនួន ៨៩.៥៧៧ម៉ែត្រការ៉េ ដោយបានដោះស្រាយផលប៉ះពាល់ជូនអ្នកពាក់ព័ន្ធបានរួចរាល់នៅឆ្នាំ២០២០។

រួមមានអគារបំពេញបែបបទចេញ-ចូលចំនួន២ខ្នង អគាររដ្ឋបាលកម្ពស់២ជាន់ ចំនួន ១ខ្នង អគារស្នាក់នៅកម្ពស់ ១ជាន់ ចំនួន ២ខ្នង អាហារដ្ឋានចំនួន ២ខ្នង និងអាងចម្រោះទឹកស្អាតចំនួន ១ខ្នង។

ពាណិជ្ជកម្មឆ្លងព្រំដែន

ច្រកទ្វារអន្តរជាតិម៉ឺនជ័យនេះ ចំណាយថវិកាសរុបចំនួន ២៦.៤២៤.៦៧៣.៥០០រៀល។ ការដំឡើងកម្រិតច្រកទ្វារម៉ឺនជ័យ-តឹនណាម ទៅជាច្រកទ្វារអន្តរជាតិ ជួយជំរុញបន្ថែមនូវទំហំការដោះដូរពាណិជ្ជកម្មកម្រិតតំបន់ (ព្រៃវែង-តៃនិញ) ជាកម្រិតថ្នាក់ជាតិ (កម្ពុជា-វៀតណាម) និងកម្រិតអន្តរជាតិ។

របាយការណ៍បានបញ្ជាក់ថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥នេះ សរុបចំនួនមនុស្សឆ្លងកាត់ចេញមានចំនួន ៣,១៨៦នាក់ ស្រី ១,៣៧៦នាក់ និងសរុបចំនួនមនុស្សឆ្លងកាត់ចូលមានចំនួន ២,១៥១នាក់ ស្រី ៨៦៧នាក់។

អត្ថប្រយោជន៍ពាណិជ្ជកម្ម

សរុបទំហំពាណិជ្ជកម្មមានចំនួន ១.៣៨៤.៨៤៦.៥៦៤.០០០រៀល ស្មើនឹងជាង ៣៤៦លានដុល្លារ និងទទួលបានចំណូលពន្ធគយសរុបចំនួន ១៩.០៩៥.៨២៤.០០០រៀល ស្មើនឹងជិត ៥លានដុល្លារ។

ការដោះដូរពាណិជ្ជកម្មឆ្លងកាត់ច្រកទ្វារព្រំដែន ភាគីទាំងពីរបានបង្កលក្ខណៈងាយស្រួលដល់អាជីវករ ពាណិជ្ជករ ការដឹកជញ្ជូនដោះដូរកសិផល និងទំនិញផ្សេងៗរួមមាន៖ ដំឡូងមី អំពៅ ស្វាយ បន្លែ ផ្លែឈើ គ្រឿងចាប់ហួយ គ្រឿងសំណង់ ជាដើម។

administrator

Related Articles