(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សាលារៀនទាំងអស់នៅស្រុកបន្ទាយអំពិល និងសាលាមួយចំនួននៅខេត្តឧត្ដរមានជ័យតាមបន្ទាត់ព្រំដែន ត្រូវបិទទ្វារជាបណ្ដោះអាសន្ន ដោយសារការវាយប្រហារពីភាគីថៃ។

ការសម្រេចចិត្តនេះបានធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិរាយការណ៍ថា នៅព្រឹកថ្ងៃទី៨ ធ្នូ ២០២៥ ចាប់ពីម៉ោង ០៥:០៤ យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅតំបន់អានសេះ ខេត្តព្រះវិហារ។ ការវាយប្រហារបន្តទៀតកើតឡើងនៅប្រាសាទតាមាន់ធំ ដោយប្រើរថក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ។
សកម្មភាពនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនថ្ងៃមកហើយ ជាពិសេសឧបទវហេតុកាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។
ទោះជាយ៉ាងណា កងកម្លាំងកម្ពុជាបានរក្សាស្មារតីគោរពកិច្ចព្រមព្រៀង និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ នៅក្នុងឧប្បត្តិហេតុលើកទីពីរនេះ កងកម្លាំងកម្ពុជាមិនបានធ្វើការបាញ់តបតឡើយ និងកំពុងបន្តតាមដានស្ថានភាពយ៉ាងប្រុងប្រយ័ត្ន។
ក្រសួងអប់រំបានអំពាវនាវឱ្យអាណាព្យាបាល និងសិស្សានុសិស្សនៅតំបន់ព្រំដែនប្រុងប្រយ័ត្ន និងអនុវត្តតាមការណែនាំពីអាជ្ញាធរមានសមត្ថកិច្ច។ ការបិទសាលារៀននេះគឺជាវិធានការបណ្ដោះអាសន្ន ដើម្បីធានាសុវត្ថិភាពដល់គ្រូបង្រៀន និងសិស្សានុសិស្ស។
