(គូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អានវ៉ារ អ៊ីប្រាហ៊ីម បានចេញសេចក្តីថ្លែងការណ៍ដាក់ការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីទទួលដំណឹងអំពីស្ថានភាពភាពតានតឹងនៅតាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃ។

នៅក្នុងការបង្ហោះលើទំព័រ Facebook ផ្ទាល់របស់លោកនាថ្ងៃចន្ទទី៨ ខែធ្នូ លោក Anwar Ibrahim បានសង្កត់ធ្ងន់ថា៖ «កម្ពុជា និងថៃ គឺជាដៃគូជិតស្និទ្ធរបស់ម៉ាឡេស៊ី និងជាសមាជិកសំខាន់នៃសមាគមអាស៊ាន។ យើងសូមអំពាវនាវឱ្យភាគីទាំងសងខាងបង្ហាញការអត់ធ្មត់ជាអតិបរមា រក្សាបរិយាកាសចរចាឱ្យបើកចំហ និងបន្តអនុវត្តតាមយន្តការដែលមានស្រាប់។»
ការអំពាវនាវនេះមកក្រោយពីមានព័ត៌មានរាយការណ៍អំពីការផ្ទុះជម្លោះប្រដាប់អាវុធតាមបណ្តោយព្រំដែន ដែលធ្វើឱ្យសហគមន៍អន្តរជាតិមានការព្រួយបារម្ភយ៉ាងខ្លាំង។
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានបន្ថែមថា ប្រទេសរបស់លោកត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការគាំទ្រដល់ជំហានណាមួយដែលនឹងអាចស្តារភាពស្ងប់ស្ងាត់ និងការពារកុំឱ្យមានឧបទ្ទវហេតុស្រដៀងគ្នាកើតឡើងជាថ្មីនាពេលអនាគត។
«យើងជឿជាក់ថា តាមរយៈការចរចាសន្តិវិធី និងការគោរពគ្នាទៅវិញទៅមក ភាគីទាំងពីរអាចរកឃើញដំណោះស្រាយដែលយូរអង្វែងបំផុតសម្រាប់បញ្ហាព្រំដែននេះ» លោក Anwar បានអះអាង។
សហគមន៍អន្តរជាតិកំពុងតាមដានស្ថានភាពនេះយ៉ាងជិតស្និទ្ធ ដោយសង្ឃឹមថាភាគីទាំងសងខាងនឹងអនុវត្តតាមការអំពាវនាវរបស់ម៉ាឡេស៊ី ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
