ខេត្តស្ទឹងត្រែង – បុគ្គលិកក្រុមហ៊ុនកម្ចីលុយរាប់ម្នាក់ត្រូវបានកងរាជអាវុធហត្ថឃាត់ខ្លួន បន្ទាប់ពីហ៊ានចូលលួចអង្ករ និងជញ្ជីងក្នុងផ្ទះកូនបំណុល ខណៈម្ចាស់ផ្ទះមិននៅ។

លោក វរសេនីយ៍ទោ ហ៊ាន សុវណ្ណារិទ្ធ ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ថា ការឃាត់ខ្លួនធ្វើឡើងនៅរសៀលថ្ងៃទី៦ ធ្នូ ២០២៥ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ។
ក្នុងករណីនេះ លោក ឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានកម្លាំងជំនាញដឹកនាំដោយលោក ហ៊ាន សុវណ្ណារិទ្ធ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ជា ចាន់និរោធ អាយុ៣៥ឆ្នាំ ដែលជាបុគ្គលិកក្រុមហ៊ុនកម្ចីភូមិមួយ។

ជនសង្ស័យត្រូវបានឃាត់ខ្លួននៅចំណុចគីឡូ២ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខណៈកំពុងដើរប្រមូលលុយពីកូនបំណុលផ្សេងទៀត។ ក្រោយការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកអង្ករ និងជញ្ជីងចេញពីផ្ទះកូនបំណុល ដោយមានគោលបំណងរក្សាទុក រង់ចាំកូនបំណុលយកលុយមកលោះយកសម្ភារៈវិញ។
លោក សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានក្រើនរំលឹកយ៉ាងដាច់អហង្ការដល់បណ្ដាអ្នករកស៊ីលុយរាប់ទាំងអស់ថា៖ «កុំចេះតែហ៊ាន! កាលណាចូលយករបស់របរ សម្ភារៈក្នុងផ្ទះគេ វាជាបទល្មើសព្រហ្មទណ្ឌ ដែលជាបទលួច និងបទរំលោភលើលំនៅឋានទៀតផង»។

ទោះបីជាមានការណែនាំពីសំណាក់លោកអភិបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២ តុលា ២០២៥ ឱ្យក្រុមហ៊ុនផ្ដល់កម្ចីទាំងឡាយត្រូវទៅបំពេញបែបបទចុះបញ្ជីរតាមច្បាប់ ប៉ុន្តែគេសង្កេតឃើញថា ក្រុមហ៊ុនដាក់កម្ចីលុយរាប់ប្រចាំថ្ងៃនិងប្រចាំសប្ដាហ៍ ដែលយកការប្រាក់ខ្ពស់កប់ពពក នៅតែបន្តសកម្មភាពយ៉ាងគគ្លើនដដែល។
បច្ចុប្បន្ន ជនសង្ស័យដែលជាបុគ្គលិកក្រុមហ៊ុនកម្ចីលុយរាប់ខាងលើ ត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅកាន់សាលាដំបូងខេត្តស្ទឹងត្រែងហើយ កាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីចាត់ការតាមនីតិវិធី៕
