(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ចំនួនសាលារៀនដែលបានបិទទ្វារបានកើនឡើងដល់៤២សាលា នៅតាមស្រុកថ្មពួក ស្រុកស្វាយចេក និងស្រុកអូជ្រៅ នៃខេត្តបន្ទាយមានជ័យ។ ការបិទទ្វារនេះកើតឡើងក្រោយពីមានការវាយប្រហារពីភាគីថៃនៅតំបន់ព្រំដែនខេត្តព្រះវិហារ និងឧត្តរមានជ័យ។

ក្រសួងការពារជាតិបានរាយការណ៍ថា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង០៥:០៤នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅតំបន់អានសេះ ខេត្តព្រះវិហារ។ ការវាយប្រហារបន្តទៅទៀតនៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងចំការចេក។
ការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនថ្ងៃមកហើយ ជាពិសេសឧបទវហេតុកាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។

ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀង និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ កងកម្លាំងកម្ពុជាមិនបានធ្វើការបាញ់តបតឡើយ និងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន។
ការបិទទ្វារសាលារៀន៤២កន្លែងនេះ គឺជាវិធានការប្រុងប្រយ័ត្នដើម្បីការពារសុវត្ថិភាពគ្រូបង្រៀន និងសិស្សានុសិស្សនៅក្នុងតំបន់ដែលអាចមានហានិភ័យពីសកម្មភាពយោធានៅតាមព្រំដែន។
