អគ្គនាយកដ្ឋានពន្ធនាគារ បានចូលរួមជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងអាជ្ញាធរខេត្តពាក់ព័ន្ធ អនុវត្តប្រតិបត្តិការជម្លៀសជនជាប់ឃុំចំនួន ១,០៦៦ នាក់ រួមទាំងស្រី ៦៧ នាក់ ពីពន្ធនាគារខេត្តឧត្តរមានជ័យ ទៅឃុំបន្តនៅពន្ធនាគារខេត្តសៀមរាប។

ឯកឧត្តម ឈន សាណាត អគ្គនាយកអគ្គនាយកដ្ឋានពន្ធនាគារ បានចុះប្រតិបត្តិការខាងលើ ក្រោយទទួលបានគោលការណ៍ និងមតិដឹកនាំពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ការជម្លៀសនេះធ្វើឡើងដោយសារតំបន់ពន្ធនាគារឧត្តរមានជ័យ កំពុងមានហានិភ័យខ្ពស់ពីការបាញ់គ្រាប់បែក និងគ្រាប់ផ្លោងក្នុងស្ថានការណ៍ឈ្លានពានពីសៀម។

ប្រតិបត្តិការនេះ ត្រូវបានបញ្ចប់នៅពេល ម៉ោង ៤:៤០ នាទី ព្រឹក ថ្ងៃទី ៩ ខែធ្នូ ២០២៥ ក្នុងបរិយាកាសសុវត្ថិភាព ដោយប្រើប្រាស់ រថយន្ត ៣២ គ្រឿង និងបញ្ជូល មន្ត្រី ២២១ នាក់។

ការជម្លៀសនេះគឺជាវិធានការសុវត្ថិភាពដ៏សំខាន់ ដើម្បីការពារជីវិតជនជាប់ឃុំ និងបុគ្គលិកពន្ធនាគារនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់។
