ជប៉ុន៖ ប្រទេសជប៉ុនបានទទួលរងការវាយប្រហារដោយរញ្ជួយដីខ្លាំងកម្រិត ៧.៥ រ៉ិចទ័រ នៅយប់ថ្ងៃទី៨ ខែធ្នូ ដែលបណ្តាលឱ្យមានអ្នករងរបួសជាច្រើននាក់ និងការជម្លៀសពលរដ្ឋយ៉ាងធំធេង។

គ្រោះរញ្ជួយដីនេះបានកើតឡើងនៅម៉ោង ១១:១៥នាទីយប់ថ្ងៃទី៨ ខែធ្នូ ដោយវាយប្រហារទៅលើតំបន់ភាគឦសាននៃប្រទេសជប៉ុន។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃទី៩ ខែធ្នូ រញ្ជួយដីនេះបានបណ្តាលឱ្យមនុស្សជាង ៣០នាក់រងរបួស និងធ្វើឱ្យមនុស្សជិត ៩០,០០០នាក់ត្រូវជម្លៀសខ្លួនយ៉ាងប្រញាប់ប្រញាល់។
អាជ្ញាធរជប៉ុនបានដាក់ចេញសញ្ញាព្រមានអំពីហានិភ័យនៃការកើតមានរលកយក្សស៊ូណាមិកម្ពស់រហូតដល់ ៣ម៉ែត្រ ប៉ុន្តែក្រោយមកបានលុបចោលសេចក្តីព្រមាននេះ បន្ទាប់ពីស្ថានភាពបានត្រលប់មករកភាពធម្មតាវិញ។ ការជម្លៀសពលរដ្ឋដ៏ធំធេងនេះបង្ហាញពីប្រតិកម្មរហ័សរហួនរបស់អាជ្ញាធរជប៉ុនក្នុងការការពារជីវិតប្រជាពលរដ្ឋ។
ប្រទេសជប៉ុនដែលស្ថិតនៅលើរង្វង់ភ្លើងប៉ាស៊ីហ្វិក ជាប្រទេសដែលជួបប្រទះរញ្ជួយដីញឹកញាប់ ហើយមានប្រព័ន្ធត្រៀមខ្លួនដ៏មានប្រសិទ្ធភាពសម្រាប់ដោះស្រាយនឹងគ្រោះធម្មជាតិបែបនេះ។ ការវាយប្រហារនេះជាការរំលឹកដល់គ្រោះថ្នាក់ដែលអាចកើតមាននៅតំបន់នេះ។
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
