ព្យុះត្រូពិកថ្មីមួយកំពុងរៀបចំខ្លួនក្នុងសមុទ្រចិនខាងត្បូង ហើយអាចរំកិលខ្លួនទៅភាគខាងត្បូងប្រទេសថៃ ដែលទើបតែជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរកាលពីថ្មីៗនេះ។

នាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា – រដ្ឋបាលសេវាកម្មបរិយាកាស ភូមិសាស្ត្រ និងតារាសាស្ត្រហ្វីលីពីន (DOST-PAGASA) បានចេញការព្រមានថា តំបន់សម្ពាធទាប 12b ដែលស្ថិតនៅក្នុងតំបន់ទទួលខុសត្រូវរបស់ហ្វីលីពីន មានភាគរយមធ្យមក្នុងការវិវត្តក្លាយជាវិសម្ពាធត្រូពិកក្នុងរយៈពេល ២៤ ម៉ោងខាងមុខ។
បច្ចុប្បន្ន តំបន់សម្ពាធទាប 12b ស្ថិតនៅក្នុងលំហសមុទ្រចិនខាងត្បូង ចន្លោះប្រទេសវៀតណាម និងហ្វីលីពីន។ ប្រព័ន្ធនេះកើតចេញពីប្រព័ន្ធកូនព្យុះដែលហ្វីលីពីនឱ្យឈ្មោះថា វីលម៉ា (Wilma) ដែលទើបរំកិលខ្លួនកាត់ប្រជុំកោះភាគកណ្ដាលប្រទេសនេះ។
អាជ្ញាធរឧត្តុនិយមវៀតណាមមិនរំពឹងថា ប្រព័ន្ធសម្ពាធទាបនេះនឹងប៉ះពាល់ខ្លាំងដល់ប្រទេសរបស់ខ្លួនទេ ដោយសារតែខ្យល់ត្រជាក់នៃមូសុងឦសាន ប៉ុន្តែនៅតែតាមដានយ៉ាងជិតស្និត។
ម៉ូឌែលព្យាករអាកាសធាតុធំៗ ដូចជា ICON របស់អាល្លឺម៉ង់ និង GFS របស់សហរដ្ឋអាមេរិក បានព្យាករថា ប្រព័ន្ធសម្ពាធទាប 12b អាចនឹងរំកិលខ្លួនទៅដល់ ឬក្បែរភាគខាងត្បូងនៃប្រទេសថៃ ក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃខាងមុខ។ ការព្យាករនេះបានបង្កការឃ្លាំមើលពីអាជ្ញាធរឧត្តុនិយមថៃ។
គួរគូសបញ្ជាក់ថា មិនថាស្ថិតនៅកម្រិតណាក៏ដោយ ប្រព័ន្ធព្យុះត្រូពិកតែងតែងនាំមកនូវមហន្តរាយផ្សេងៗ ជាពិសេសភ្លៀងធ្លាក់ខ្លាំងជោគជាំ ដែលអាចបង្កជាទឹកជំនន់ភ្លាមៗ និងទឹកជំនន់ទន្លេ។
