ទីក្រុងណៃពិដោ – មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បានប្រកាសយ៉ាងច្បាស់ថា យោធានឹងបន្តដើរតួនាទីសំខាន់ក្នុងឆាកនយោបាយជាតិ រហូតដល់ក្រុមប្រដាប់អាវុធជនជាតិភាគតិច (EAOs) លែងមានវត្តមានទៀត។

ក្នុងពិធីអបអរសាទរទិវាកងកម្លាំងប្រដាប់អាវុធនៅទីក្រុងណៃពិដោ លោក មីន អ៊ុងឡាំង បានថ្លែងថា៖ “យោធានឹងពិចារណាកាត់បន្ថយវត្តមានរបស់ខ្លួនបន្តិចម្តងៗ នៅក្នុងសភា រហូតដល់ថ្ងៃដែលក្រុម EAOs បាត់ខ្លួន។”
ការប្រកាសនេះមកក្រោយពីការបោះឆ្នោតដែលយោធាសង្ឃឹមថានឹងផ្តល់ភាពស្របច្បាប់ដល់របបរបស់ខ្លួន។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោក មីន អ៊ុងឡាំង បានចូលរួមពិធីប្រគល់សញ្ញាបត្រយោធា និងជួបជាមួយមន្ត្រីរាជការជាច្រើន ដោយលើកតម្កើងយោធាថាជា “ស្ថាប័នដ៏រឹងមាំបំផុត” របស់ប្រទេស។

លោកបានសង្កត់ធ្ងន់ថា ក្រុម EAOs និងកងកម្លាំងការពារប្រជាជនគួរតែទម្លាក់អាវុធ ដោយសំអាងថាការតស៊ូប្រដាប់អាវុធអស់រយៈពេលប្រាំពីរទសវត្សរ៍មកហើយមិនបានបង្កើតលទ្ធផលអ្វីជាដំកំភួន។
វរសេនីយ៍ឯក Naw Bu អ្នកនាំពាក្យកងទ័ពឯករាជ្យកាឈីន បានវិភាគថា៖ “សាររបស់លោកមីន អ៊ុងឡាំង សង្ខេបទៅរឿងមួយគឺការរំសាយអាវុធ។ ប្រសិនបើយោធាកាត់បន្ថយតួនាទីរបស់ខ្លួននៅពេលដែលការតស៊ូបាត់ទៅវិញ នោះនយោបាយរបស់មីយ៉ាន់ម៉ានឹងមិនដែលមានប្រជាធិបតេយ្យឡើយ។”
រដ្ឋធម្មនុញ្ញឆ្នាំ២០០៨ ដែលព្រាងឡើងក្រោមរបបយោធា បានគោរពដល់តួនាទីនាំមុខរបស់យោធាក្នុងនយោបាយជាតិ និងផ្តល់សិទ្ធិដល់មេបញ្ជាការក្នុងការតែងតាំងសមាជិកសភាយោធា។

លោក មីន អ៊ុងឡាំង បានលើកឡើងពីរដ្ឋធម្មនុញ្ញឆ្នាំ២០០៨ ក្នុងការធ្វើរដ្ឋប្រហារឆ្នាំ២០២១ ដោយសំអាងលើបុព្វហេតុជាតិសំខាន់ៗចំនួនបី៖ ការមិនរំលាយសហភាព ការមិនរំលាយសាមគ្គីភាពជាតិ និងការរក្សាអធិបតេយ្យភាព។
អត្ថបទ៖ សាង ស្រីល័ក្ខ
