ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានធ្វើពិធីប្រកាសដាក់ឱ្យប្រើប្រព័ន្ធតាមដានថវិកាឃុំ-សង្កាត់ និងផ្សព្វផ្សាយសារាចរអន្តរក្រសួងស្តីពីការគ្រប់គ្រងមូលនិធិសេវាសង្គម និងអនាម័យបរិស្ថាន។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំខេត្តព្រៃវែង។

លោក សួស ប្រាថ្នា អគ្គនាយកអគ្គនាយកដ្ឋានរដ្ឋបាល បានធ្វើសេចក្ដីរាយការណ៍អំពីលទ្ធផលដំណើរការរៀបចំប្រព័ន្ធតាមដានថវិកា និងសារាចរអន្តរក្រសួងរវាងក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

សារាចរអន្តរក្រសួងលេខ០០៧ បានទទួលគោលការណ៍ឯកភាពពីថ្នាក់ដឹកនាំក្រសួងទាំងពីរ ដោយផ្តោតលើវិស័យសំខាន់ៗចំនួន១១ រួមមានការលើកកម្ពស់សុខភាពមាតា-ទារក អប់រំកុមារតូច ការពារស្ត្រី-កុមារ ទឹកស្អាត និងអនាម័យ និងការគ្រប់គ្រងសំណល់រឹង-រាវ។

ពិធីនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន អង្គការយូនីសេហ្វ រដ្ឋបាលរាជធានី-ខេត្ត អង្គសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ជាច្រើន។

ប្រព័ន្ធតាមដានថវិកាថ្មីនេះនឹងជួយគ្រប់គ្រង ចាត់ចែង និងកំណត់មុខសញ្ញាចំណាយថវិកាសេវាសង្គម និងអនាម័យបរិស្ថាននៃមូលនិធិក្រុង-ស្រុក និងមូលនិធិឃុំ-សង្កាត់បានមានប្រសិទ្ធភាពជាងមុន។

