អង្គការអន្តរជាតិព្រួយបារម្ភខ្លាំង អំពាវនាវកម្ពុជា-ថៃការពារជនស៊ីវិលក្នុងជម្លោះព្រំដែន

អង្គការអន្តរជាតិព្រួយបារម្ភខ្លាំង អំពាវនាវកម្ពុជា-ថៃការពារជនស៊ីវិលក្នុងជម្លោះព្រំដែន

ភ្នំពេញ – អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញសេចក្តីប្រកាសព័ត៌មានអំពាវនាវយ៉ាងខ្លាំងដល់រដ្ឋាភិបាលកម្ពុជា និងថៃ ឲ្យទប់ស្កាត់ហានិភ័យបន្ថែមទៀតចំពោះជនស៊ីវិល ក្នុងពេលដែលអរិភាពនៅតាមបណ្តោយព្រំដែនកំពុងផ្ទុះឡើងវិញ។

ក្មេងៗនៅជំរំភៀសខ្លួន

ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃចន្ទទី៨ ខែធ្នូ ឆ្នាំ២០២៥ លោកស្រី Montse Ferrer នាយកផ្នែកស្រាវជ្រាវប្រចាំតំបន់របស់អង្គការលើកលែងទោស បានព្រមានថា៖ «ការផ្ទុះឡើងវិញនៃអរិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ អាចបង្កជាហានិភ័យដល់អាយុជីវិតជនស៊ីវិល ការផ្លាស់ទីលំនៅទ្រង់ទ្រាយធំ និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិលចាំបាច់។»

លោកស្រី Ferrer បានជំរុញឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើរដ្ឋាភិបាលទាំងពីរឲ្យគោរពតាមកាតព្វកិច្ចរបស់ពួកគេ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជម្លោះមកលើជនស៊ីវិល និងទ្រព្យសម្បត្តិជនស៊ីវិលឲ្យនៅកម្រិតអប្បបរមា។

ពលរដ្ឋកម្ពុជាជម្លៀសពីការប្រយុទ្ធ

ការអំពាវនាវនេះកើតឡើងស្របពេលអង្គការសហប្រជាជាតិក៏ជំរុញឲ្យភាគីជម្លោះថៃនិងកម្ពុជាអត់ធ្មត់និងវិលទៅរកកិច្ចព្រមព្រៀងសន្តិភាពវិញ។ លោក Stephane Dujarric អ្នកនាំពាក្យរបស់ប្រមុខ UN បាននិយាយថា លោក Antonio Guterres មានក្តីបារម្ភចំពោះរបាយការណ៍នៃការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធជាថ្មីរវាងកម្ពុជា និងថៃ។

អគ្គលេខាធិការសហប្រជាជាតិបានរំលឹកឡើងវិញនូវការអំពាវនាវរបស់លោកឲ្យភាគីនានាវិលត្រឡប់ទៅរកក្របខ័ណ្ឌនៃសេចក្តីប្រកាសរួមដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ហើយប្តេជ្ញាចិត្តជាថ្មីចំពោះបទឈប់បាញ់។

រដ្ឋាភិបាលបារាំងក៏បានបង្ហាញក្តីបារម្ភចំពោះភាពតានតឹងតាមព្រំដែនថៃ-កម្ពុជា ក្រោយថៃបើកការវាយប្រហារជាថ្មីលើកម្ពុជា។

administrator

Related Articles