អង្គការសហប្រជាជាតិអំពាវនាវឱ្យកម្ពុជា-ថៃឈប់បាញ់ វិលទៅកិច្ចព្រមព្រៀងសន្តិភាពវិញ

អង្គការសហប្រជាជាតិអំពាវនាវឱ្យកម្ពុជា-ថៃឈប់បាញ់ វិលទៅកិច្ចព្រមព្រៀងសន្តិភាពវិញ

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធជាថ្មីរវាងកម្ពុជា និងថៃ ដែលបានកើតឡើងពីថ្ងៃអាទិត្យដល់ថ្ងៃចន្ទកន្លងទៅ។

ជម្លោះព្រំដែនកម្ពុជា-ថៃ

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានធ្វើសេចក្តីថ្លែងការណ៍ថា ជម្លោះនេះបានបណ្តាលឱ្យមានជនស៊ីវិលស្លាប់ និងរបួសជាច្រើន រួមទាំងការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនទាំងសងខាង។

លោក Guterres បានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវតែការពារជនស៊ីវិល និងជួយសម្រួលដល់ការផ្តល់ជំនួយមនុស្សធម៌។ លោកបានអំពាវនាវឱ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់ និងជៀសវាងការកើនឡើងនៃភាពតានតឹងបន្ថែមទៀត។

អគ្គលេខាធិការអង្គការសហប្រជាជាតិបានរំលឹកឡើងវិញនូវការអំពាវនាវរបស់លោកចំពោះភាគីទាំងពីរ ឱ្យត្រឡប់ទៅក្របខ័ណ្ឌនៃសេចក្តីប្រកាសរួមដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ដោយប្តេជ្ញាចិត្តឡើងវិញចំពោះបទឈប់បាញ់ និងអនុវត្តវិធានការកាត់បន្ថយការកើនឡើង។

លោក Dujarric បានបន្ថែមថា៖ «អង្គការសហប្រជាជាតិបានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដែលមានគោលបំណងលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់»។

ការប៉ះទង្គិចគ្នានេះបានកើតឡើងត្រឹមតែជាង១ខែប៉ុណ្ណោះ បន្ទាប់ពីប្រទេសទាំងពីរបានចុះហត្ថលេខាលើសេចក្តីប្រកាសសន្តិភាពរួមគ្នានៅទីក្រុងកូឡាឡាំពួ ដែលធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងសហគមន៍អន្តរជាតិ។

administrator

Related Articles