ភ្នំពេញ – រដ្ឋាភិបាលថៃបានបង្កើនទុនបម្រុងឥន្ធនៈតាមបណ្តោយព្រំដែនភាគខាងកើតរបស់ខ្លួន ដោយមានទុនបម្រុងប្រេងគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការយោធារហូតដល់៤៥ថ្ងៃ មុនពេលផ្ទុះជម្លោះជាថ្មីជាមួយកម្ពុជា។

យោងតាមសារព័ត៌មាន The Standard លោក Attapol Rerkpiboon រដ្ឋមន្ត្រីក្រសួងថាមពលថៃ បានអះអាងនៅថ្ងៃទី៩ធ្នូថា ប្រទេសថៃបានបង្កើតឃ្លាំងស្តុកប្រេង«លើសពីតម្រូវការយោធា» ដោយបន្ថែមថា ការផ្គត់ផ្គង់គឺគ្រប់គ្រាន់ដើម្បីទ្រទ្រង់ប្រតិបត្តិការបន្ថែមទៀត ទោះការប្រយុទ្ធគ្នាបន្តកើនឡើង។
លោកបានបញ្ជាក់ទៀតថា ក្រសួងបានសម្របសម្រួលដោយផ្ទាល់ជាមួយកងកម្លាំងប្រដាប់អាវុធ ក្នុងការបង្កើតកន្លែងចាក់ប្រេងដែលមានសុវត្ថិភាព ខណៈទុនបម្រុងប្រេងនេះអាចប្រើប្រាស់បានយ៉ាងហោចណាស់៤៥ថ្ងៃ។

សម្ដីនេះឆ្លុះបញ្ចាំងឲ្យឃើញថា ថៃបានត្រៀមខ្លួនដើម្បីឈ្លានពានទឹកកម្ពុជា បើទោះជារដ្ឋាភិបាលក្រុងភ្នំពេញព្យាយាមរក្សាបទឈប់បាញ់ និងអនុលោមតាមច្បាប់អន្តរជាតិក៏ដោយ។
តួយ៉ាងដូចដែលសារព័ត៌មានធំៗលើពិភពលោកមាន CNN, Reuters និង Al Jazeera ជាដើម សុទ្ធតែបានចុះផ្សាយថា ថៃជាអ្នកបើកការវាយប្រហារមុនមកលើកម្ពុជា ដោយបំពានបទឈប់បាញ់ដែលធ្លាប់បានចុះហត្ថលេខាកាលពីខែតុលាកន្លងទៅ។
ទន្ទឹមគ្នានេះដែរ បើក្រឡេកមើលថ្នាក់ដឹកនាំថៃវិញ នាយករដ្ឋមន្រ្តី អានុទីន ឆានវីរៈគុន បានប្រកាសថា រដ្ឋាភិបាលខ្លួនលែងខ្វល់នឹងការគំរាមកំហែងពន្ធរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៀតហើយ និងបានច្រានចោលពីលទ្ធភាពនៃការចរចារកដំណោះស្រាយភ្លាមៗជាមួយកម្ពុជា។

សូមជម្រាបថា ក្រោយការវាយប្រហាររបស់ថៃ កម្ពុជាបានប្រកាន់យកជំហរមិនតបត ដើម្បីគោរពដល់កិច្ចព្រមព្រៀងសន្តិភាពក្រុងកូឡាឡំពួរនៅចុងខែតុលា និងកិច្ចស្វែងរកដំណោះស្រាយដោយសន្តិវិធីផ្សេងៗ ដែលភាគីថៃ និងកម្ពុជា បានឯកភាពគ្នា។
យ៉ាងណាមិញ នៅព្រឹកថ្ងៃអង្គារនេះ សម្ដេចតេជោ ហ៊ុន សែន នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ បានបញ្ជាឱ្យកងទ័ពការពារជាតិកម្ពុជា ប្រើសិទ្ធិការពារខ្លួនបាញ់តបតទៅកាន់ភាគីថៃវិញ ក្រោយពីអត់ធ្មត់មិនតបតនឹងការបាញ់ប្រហាររបស់ភាគីថៃរយៈពេល១ថ្ងៃ ដើម្បីគោរពបទឈប់បាញ់ និងជម្លៀសពលរដ្ឋចេញពីទីតាំងរងគ្រោះខ្លាំងទៅកាន់ទីតាំងមានសុវត្ថិភាព។
