ប្រទេសម៉ាឡេស៊ីបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចប្រដាប់អាវុធឡើងវិញរវាងកម្ពុជា និងថៃតាមបណ្តោយព្រំដែន ដោយព្រមានថា ការប្រយុទ្ធបន្តអាចបំផ្លាញកិច្ចខិតខំប្រឹងប្រែងជាច្រើនឆ្នាំដើម្បីរក្សាស្ថិរភាពទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ។

នេះបើយោងតាមការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅថ្ងៃចន្ទទី៨ខែធ្នូឆ្នាំ២០២៥។
លោកអាន់វ៉ា បានរៀបរាប់ថា «ខ្ញុំសូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារនៃអ្នកដែលបានស្លាប់ ឬរងរបួស» ដោយបន្ថែមថា ការកើនឡើងនៃជម្លោះនេះ ប្រឈមនឹងការបំផ្លាញកិច្ចខិតខំប្រឹងប្រែង ដែលបានដាក់ចូលក្នុងការកែលម្អទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ថៃ។
ដោយហៅប្រទេសកម្ពុជា និងប្រទេសថៃ ថាជា «ដៃគូជិតស្និទ្ធរបស់ម៉ាឡេស៊ី និងជាសមាជិកសំខាន់នៃអាស៊ាន» ទីក្រុងគូឡាឡាំពួរបានជំរុញឲ្យភាគីទាំងពីរត្រូវ «អត់ធ្មត់ឲ្យបានជាអតិបរមា» រក្សាទំនាក់ទំនងបើកចំហ និងប្រើប្រាស់យន្តការគ្រប់គ្រងជម្លោះដែលមានស្រាប់ឲ្យបានពេញលេញ។
សេចក្តីថ្លែងការណ៍របស់លោកអាន់វ៉ា បានបន្ថែមថា «ម៉ាឡេស៊ីត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រជំហានដែលអាចជួយស្តារភាពស្ងប់ស្ងាត់ និងទប់ស្កាត់ឧប្បត្តិហេតុបន្ថែមទៀត»។
មេដឹកនាំម៉ាឡេស៊ី ក៏បានព្រមានដែរថា តំបន់អាស៊ីអាគ្នេយ៍ «មិនអាចអនុញ្ញាតឲ្យមានជម្លោះដែលអូសបន្លាយពេលធ្លាក់ចូលទៅក្នុងវដ្តនៃការប្រឈមមុខដាក់គ្នា» បាននោះទេ ដោយសង្កត់ធ្ងន់ថា អាទិភាពចម្បងត្រូវតែជាការបញ្ឈប់ការប្រយុទ្ធ ការការពារជនស៊ីវិល និងការវិលត្រឡប់ទៅរកការទូត ដែលមានមូលដ្ឋានលើច្បាប់អន្តរជាតិ និង «ស្មារតីភាពជាអ្នកជិតខាងដែលអាស៊ានផ្ដោតសំខាន់លើ»។
