រាជធានីបាងកក៖ លោក ប្រាវីត រ៉ូចាណូព្រឹក្ស (Pravit Rojanaphruk) ដែលជាអ្នកកាសែតជើងចាស់ និងជាអ្នករិះគន់សង្គមដ៏ល្បីល្បាញនៅប្រទេសថៃ បានចេញមុខបដិសេធយ៉ាងខ្លាំងក្លាចំពោះសម្តីរបស់លោក អនុទីន នាយករដ្ឋមន្ត្រីថៃ ដែលអះអាងថា កម្ពុជាជាអ្នកចាប់ផ្តើមការវាយប្រហារលើកងទ័ពថៃ។

ការបដិសេធនេះបានកើតឡើងបន្ទាប់ពីលោក អនុទីន បានទាមទារឱ្យប្រជាជនថៃជឿជាក់លើកងទ័ពថៃ ជាជាងជឿលើការអះអាងរបស់កម្ពុជា។ នៅពេលដែលមានការសួរថា តើនរណាជាអ្នកចាប់ផ្តើមសង្គ្រាមនៅតំបន់ព្រំដែនកម្ពុជា-ថៃ លោកនាយករដ្ឋមន្ត្រីបានតបថា៖ «តើអ្នកជឿជាក់លើកងទ័ពថៃ ឬសត្រូវរបស់យើង? អ្នកគឺជាជនជាតិថៃ។ កងទ័ពថៃ គឺជាកងកម្លាំងដែលអាចទុកចិត្តបាន»។
ឆ្លើយតបទៅនឹងសម្តីបង្ខំឱ្យជឿនេះ លោក Rojanaphruk បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «ខ្ញុំក៏ចង់ជឿជាក់លើកងទ័ពថៃដែរ ប៉ុន្តែតើអ្នកនៅចាំទេថា មេបញ្ជាការកងទ័ពថៃជំនាន់ក្រោយៗបាននិយាយប៉ុន្មានដងហើយថា នឹងមិនមានរដ្ឋប្រហារយោធាទេ? តែចុងក្រោយពួកគេនៅតែធ្វើរដ្ឋប្រហារដណ្តើមអំណាចពីប្រជាជនដដែល ដូចជានៅឆ្នាំ ១៩៩១, ២០០៦, ២០១៤ និងច្រើនទៀត»។
លោកបានសង្កត់ធ្ងន់ទៀតថា៖ «ខ្ញុំសូមប្រាប់លោក Anutin ថា កុំបង្ខំប្រជាជនថៃឱ្យជឿអ្នក និងកងទ័ពថៃ គ្រាន់តែដោយសារតែពាក្យថា [ជាជនជាតិថៃ]»។ ការឆ្លើយតបនេះបានធ្វើឱ្យមានការពិភាក្សាយ៉ាងទូលំទូលាយនៅក្នុងចក្ខុវិស័យសារព័ត៌មានថៃ អំពីភាពឯករាជ្យនៃការយល់ឃើញរបស់សាធារណជន។
