ភ្នំពេញ៖ ក្នុងពេលដែលស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ កំពុងតែតានតឹងឡើងវិញ អ្នកវិភាគសង្គមយល់ឃើញថា ភាគីចិននៅតែបន្តយកចិត្តទុកដាក់ចំពោះស្ថិរភាពក្នុងតំបន់ និងការដោះស្រាយជម្លោះដោយសន្តិវិធី។

លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះជនរងគ្រោះក្នុងជម្លោះព្រំដែន នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។ អ្នកវិភាគសង្គមចាត់ទុកថា នេះគឺជាកាយវិការកាទូតដ៏សំខាន់មួយ ដែលបង្ហាញពីការយកចិត្តទុកដាក់របស់ចិន។
លោកបណ្ឌិត កៅ មុយថង អ្នកវិភាគសង្គម បានពន្យល់ថា៖ «ការចូលរួមរំលែកទុក្ខពីសំណាក់លោកទូតចិន ដែលជាមិត្តដ៏សំខាន់របស់កម្ពុជា គឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់ចិនចំពោះស្ថិរភាពក្នុងតំបន់ និងសោកនាដកម្មលើកិច្ចការមនុស្សធម៌។»

ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ចិនត្រូវបានចាត់ទុកជាប្រទេសសកម្មក្នុងការជួយស្វែងរកដំណោះស្រាយដោយសន្តិវិធី។ ចិនបានចូលរួមកិច្ចប្រជុំពិសេសនៅម៉ាឡេស៊ី ដើម្បីបង្កើតបទឈប់បាញ់គ្មានលក្ខខណ្ឌ និងដឹកនាំប្រជុំត្រីភាគីចិន-កម្ពុជា-ថៃនៅទីក្រុងសៀងហៃ។
លោកបណ្ឌិត កៅ មុយថង បន្តថា៖ «សាររំលែកទុក្ខនេះក៏ត្រូវបានចាត់ទុកថាជាការអំពាវនាវជាសាធារណៈឲ្យភាគីថៃដោះស្រាយបញ្ហាដោយសន្តិវិធី និងទប់ស្កាត់ការកើនឡើងនូវអំពើហិង្សា ដើម្បីកុំឲ្យមានជនរងគ្រោះបន្ថែមទៀតដល់ប្រជាពលរដ្ឋខ្មែរ។»
ចិនបានរួមជាមួយនឹងអង្គទូតបរទេស និងអន្តរជាតិចូលរួមចុះពិនិត្យស្ថានភាពព្រំដែនកម្ពុជា ថែមទាំងផ្តល់ជំនួយជាតម្រូវការចាំបាច់ផងដែរ។

ប្រភព៖ CCFR
