សហរដ្ឋអាម៉េរិកបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តប្រយុទ្ធគ្នានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបណ្តាលឱ្យមានការស្លាប់ និងរបួសជាច្រើននាក់។

នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ឯកឧត្តម Marko Rubio នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥។ សេចក្តីថ្លែងការណ៍បានជំរុញយ៉ាងមុតមាំឱ្យបញ្ឈប់ជាបន្ទាន់នូវអរិភាព និងការពារជនស៊ីវិល។
សហរដ្ឋអាម៉េរិកទាមទារឱ្យភាគីទាំងសងខាងត្រឡប់ទៅរកវិធានការបន្ធូរបន្ថយភាពតានតឹង ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ និងធ្វើជាសាក្សីដោយឯកឧត្តមប្រធានាធិបតី Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម Anwar Ibrahim។

ជាការរំលឹកឡើងវិញ ថៃបានបើកការបាញ់ប្រហារ និងទម្លាក់គ្រាប់បែក ដើម្បីឈ្លានពានបូរណភាពទឹកដីកម្ពុជា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥។ ខណៈដែលកម្ពុជាបានប្រើសិទ្ធិការពារខ្លួន ការពារអធិបតេយ្យភាពជាតិ តបតទៅវិញ។
សហរដ្ឋអាម៉េរិកបានសង្កត់ធ្ងន់ថា ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរគឺជាដំណោះស្រាយដ៏សំខាន់បំផុត ដើម្បីបញ្ឈប់អរិភាព និងការពារជីវិតជនស៊ីវិលនៅតាមតំបន់ព្រំដែន។
