ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មានអំពីស្ថានភាពអាកាសធាតុនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ដោយព្រមានថា តាមបណ្តាខេត្ត និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១០% ចំណែកខេត្តសៀមរាបពុំមានភ្លៀងធ្លាក់ទេ។

ស្ថានភាពនេះកើតឡើងដោយសារសម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូង ដែលមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា និងតំបន់ជុំវិញ។
សម្រាប់រយៈពេលចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥៖
១. តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា ២០°C និងអតិបរមា ២៩°C។ ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ ល្បឿនមធ្យម ៦ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់។

២. តំបន់ខ្ពង់រាប៖ សីតុណ្ហភាពមធ្យមអប្បបរមា ១៦°C និងអតិបរមា ២៨°C។ ខ្យល់បក់មកពីទិសឦសាន និងទិសបូព៌ ល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ១៥%។
៣. តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពមធ្យមអប្បបរមា ២០°C និងអតិបរមា ៣០°C។ ខ្យល់បក់មកពីទិសឦសាន និងទិសអាគ្នេយ៍ ល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងអតិបរមា ១,២៥ម៉ែត្រ។

សូមសាធារណជនទទួលជ្រាបជាព័ត៌មាន និងរៀបចំខ្លួនជាស្រេចចំពោះស្ថានភាពអាកាសធាតុដែលអាចប្រែប្រួល។
