អាមេរិក និង ICRC អំពាវនាវឲ្យបញ្ឈប់ជម្លោះកម្ពុជា-ថៃ ការពារជនស៊ីវិល

អាមេរិក និង ICRC អំពាវនាវឲ្យបញ្ឈប់ជម្លោះកម្ពុជា-ថៃ ការពារជនស៊ីវិល

ភ្នំពេញ – សហរដ្ឋអាមេរិក និងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បានចេញសេចក្តីថ្លែងការណ៍អំពាវនាវឲ្យភាគីទាំងពីរនៅក្នុងជម្លោះកម្ពុជា-ថៃ បញ្ឈប់ជាបន្ទាន់នូវអរិភាព និងគោរពច្បាប់មនុស្សធម៌អន្តរជាតិ។

ជម្លោះព្រំដែនកម្ពុជា-ថៃ

រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បាននិយាយកាលពីថ្ងៃអង្គារទី៩ ខែធ្នូ ឆ្នាំ២០២៥ ថា៖ «អាមេរិកព្រួយបារម្ភខ្លាំងណាស់ បន្ទាប់ពីការប្រយុទ្ធគ្នាផ្ទុះឡើងជាថ្មីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បណ្តាលឲ្យមានការស្លាប់មនុស្ស និងរបួសជាច្រើននាក់»។

លោកបន្តថា៖ «យើងសូមជំរុញយ៉ាងមុតមាំឲ្យបញ្ឈប់ជាបន្ទាន់នូវអរិភាព ហើយការពារជនស៊ីវិល ដោយភាគីទាំងសងខាងត្រូវត្រឡប់ទៅរកវិធានការបន្ធូរបន្ថយភាពតានតឹង ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥»។

កងទ័ពកម្ពុជាកំពុងការពារព្រំដែន

ស្របពេលគ្នានេះ ICRC ក៏បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែក ដោយអំពាវនាវឲ្យភាគីទាំងពីរគោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់មនុស្សធម៌អន្តរជាតិ (IHL) ដែលមានបំណងកំណត់ការបង្កគ្រោះថ្នាក់ដល់ប្រជាជន ជាពិសេសការបាត់បង់អាយុជីវិតជនស៊ីវិល និងការខូចខាតដល់ទ្រព្យសម្បត្តិជនស៊ីវិល។

ICRC បញ្ជាក់ថា ខ្លួននឹងបន្តកិច្ចសន្ទនាទ្វេភាគីជាមួយភាគីទាំងពីរ និងកំពុងតាមដានយ៉ាងដិតដល់នូវផលប៉ះពាល់មនុស្សធម៌ដែលបង្កដោយការប៉ះទង្គិចគ្នា។

ជនភៀសសឹកនៅតំបន់ព្រំដែន

សូមជម្រាបជាថ្មី ការប៉ះទង្គិចគ្នាបានផ្ទុះឡើងជាថ្មីកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយថៃបានបើកការបាញ់ប្រហារ និងទម្លាក់គ្រាប់បែក ខណៈកម្ពុជាបានប្រើសិទ្ធិការពារខ្លួនតបតទៅវិញ។

ជាលទ្ធផល សាលារៀនជាង៥០០កន្លែងនៅខេត្តចំនួន៦ ត្រូវបានបិទទ្វារដោយសារការឈ្លានពានពីយោធាថៃ ដែលបណ្តាលឲ្យមានជនភៀសសឹករាប់ពាន់នាក់។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles