រាជធានីភ្នំពេញ – សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសថា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់កម្ពុជាត្រៀមវាយបកគ្រប់ចំណុចដែលខ្មាំងវាយចូល បន្ទាប់ពីការអត់ធ្មត់លើស ២៤ ម៉ោងដើម្បីគោរពបទឈប់បាញ់។

សម្តេចតេជោបានចេញសារតាមផេកផ្លូវការនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ដោយបញ្ជាក់ថា កម្ពុជាបានអត់ធ្មត់ជាង ២៤ ម៉ោងដើម្បីផ្តល់ពេលវេលាជម្លៀសប្រជាជនទៅតំបន់សុវត្ថិភាព។ ល្ងាចម្សិលមិញ កងកម្លាំងខ្មែរបានចាប់ផ្តើមតបតបន្ថែមទៀត។
សម្តេចបានលើកឡើងថា តាមនាយករដ្ឋមន្ត្រីថៃអនុធីនបានប្រកាសថានឹងប្រើកម្លាំងវាយយក ១១ ចំណុច ដែលយើងមិនច្បាស់ថានៅកន្លែងណាខ្លះ។ “ដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូល” សម្តេចបានបញ្ជាក់។
កម្ពុជាការពារទឹកដីដោយមានលេណដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទ ខណៈសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើង ពួកគេមិនអាចទួលលេណដ្ឋានមកបានទេ។
ស្ថានភាពនេះផ្តល់ប្រៀបឲ្យកម្ពុជាអនុវត្តយុទ្ធវិធីកំទេចកម្លាំងរស់របស់សត្រូវតាមរយៈការចាត់តាំងទប់ទល់។ សម្រាប់មេទ័ពថៃបានប្រកាសថា ដើម្បីសន្តិសុខប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែង។

“យើងពិតជាមិនអង្គុយឱបដៃឲ្យអស់លោកបំផ្លាញតាមចិត្តចង់របស់អស់លោកទេ” សម្តេចតេជោបានបញ្ជាក់យ៉ាងច្បាស់។
សម្តេចបានលើកឡើងពីការចោទប្រកាន់ពីសំណាក់អ្នកដទៃ ដោយបញ្ជាក់ថា ពេលកម្ពុជាអត់ធ្មត់គោរពបទឈប់បាញ់ គេចោទថាខ្លាចថៃ តែពេលនេះកម្ពុជាវាយដើម្បីការពារខ្លួន តើពួកគេនឹងនិយាយយ៉ាងម៉េចទៀត?
“កម្ពុជាត្រូវការសន្តិភាព តែកម្ពុជាបង្ខំចិត្តវាយតបត ដើម្បីការពារទឹកដីយើង” ជាសារចុងក្រោយរបស់សម្តេចតេជោ។
អត្ថបទសរសេរដោយ សហការី
កែសម្រួលដោយ សោម វិសាល
