រាជធានីភ្នំពេញ៖ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានឧបត្ថម្ភប្រេងកូឡាចំនួន ១១,០០០ ដប ដើម្បីជូនវីរៈកងទ័ព និងប្រជាពលរដ្ឋជនភៀសសឹក នៅតំបន់ព្រំដែន។

ពិធីប្រគល់និងទទួលអំណោយដ៏ថ្លៃថ្លានេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី០៩ ធ្នូ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកឯក ឃុនដឿន អភិបាលរង តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោកឯក ឃុនដឿន បានលើកឡើងថា៖ “ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ យើងសូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបានឧបត្ថម្ភប្រេងកូឡាចំនួន ១១,០០០ ដប ជូនវីរៈកងទ័ព និងជនភៀសសឹក។”

តាមរយៈអំណោយដ៏ថ្លៃថ្លានេះ បានបង្ហាញឱ្យឃើញអំពីទឹកចិត្ត និងការគិតគូរយ៉ាងខ្លាំងចំពោះវីរៈកងទ័ពដែលកំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខ និងប្រជាពលរដ្ឋជនភៀសសឹក។

នៅរសៀលថ្ងៃដដែលនេះដែរ មានក្រុមហ៊ុនមួយបាននាំយកអំណោយមានសាប៊ូកក់សក់ ៥ កេស សាប៊ូលាងកំប៉ុង ៥ កេស សាប៊ូបោកគក់ ៥ កេស និងនំប៊ីគាកញ្ចប់តូច ៣ កេស។ ក្នុងនោះ គណៈកម្មការផ្សារអូប្ញស្សីបាននាំយកអំណោយអង្ករចំនួន ២ តោន មុង និងភួយ មានម៉ាស់ ចានជ័រ ចានអ៊ីណុច នំធុង កញ្ជ្រែងជ័រ ឆ្នាំង និងចានមួយចំនួនទៀត។

អំណោយទាំងនេះនឹងត្រូវបានផ្ញើទៅកាន់តំបន់ព្រំដែន ដើម្បីជួយសម្រួលដល់កងទ័ព និងប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងស្ថានភាពបច្ចុប្បន្ន។
