
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងទូរស័ព្ទទៅកាន់មេដឹកនាំកម្ពុជា និងថៃ ដើម្បីបញ្ចប់សង្គ្រាម បន្ទាប់ពីការប្រយុទ្ធបានផ្ទុះឡើងសាជាថ្មីនៅតាមព្រំដែន។
ការប្រកាសនេះបានធ្វើឡើងក្នុងព្រឹត្តិការណ៍មួយនៅរដ្ឋ Pennsylvania ដែលលោកត្រាំបានថ្លែងយ៉ាងច្បាស់ថា៖ «លោកនឹងទូរស័ព្ទទៅមេដឹកនាំកម្ពុជា-ថៃនៅថ្ងៃស្អែក ហើយបញ្ឈប់សង្គ្រាមរវាងប្រទេសដ៏មានឥទ្ធិពលទាំងពីរ»។

ការប្រយុទ្ធថ្មីនេះផ្ទុះឡើងដោយសារការឈ្លានពានរបស់ថៃ ដែលធ្វើឲ្យកម្ពុជាអស់ការអត់ធ្មត់ និងត្រូវតបតទៅវិញ។ មុននេះ រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បានអះអាងពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់សហរដ្ឋអាមេរិក។
លោក Rubio បាននិយាយថា៖ «យើងសូមជំរុញយ៉ាងមុតមាំឲ្យបញ្ឈប់ជាបន្ទាន់នូវអរិភាព ហើយការពារជនស៊ីវិល ដោយភាគីទាំងសងខាងត្រូវត្រឡប់ទៅរកវិធានការបន្ធូរបន្ថយភាពតានតឹង»។

ជម្លោះកម្ពុជា-ថៃ គឺជាជម្លោះមួយក្នុងចំណោមប្រាំបីដែលលោកត្រាំអះអាងថា បានបញ្ចប់តាមរយៈការគំរាមយកពន្ធ និងគោលនយោបាយសន្តិភាពរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។
អត្ថបទ៖ សុខ សុវណ្ណ
