ទីក្រុងតូក្យូ៖ គ្រោះរញ្ជួយដីកម្រិត ៧.៥ រ៉ិចទ័របានវាយប្រហារតំបន់ខាងជើងប្រទេសជប៉ុន បណ្ដាលឱ្យមានអ្នករបួសចំនួន ២៣ នាក់ និងបង្កើតរលកស៊ូណាមីកម្ពស់រហូតដល់ ០.៦ ម៉ែត្រ។

អាជ្ញាធរជប៉ុនបានព្រមានថា អាចនឹងមានការរញ្ជួយកម្រិតតូចៗជាច្រើនករណីទៀត ហើយក៏អាចមានការរញ្ជួយទ្រង់ទ្រាយធំផងដែរ។ រដ្ឋាភិបាលជប៉ុនកំពុងវាយតម្លៃទំហំនៃការខូចខាតដែលបណ្ដាលមកពីស៊ូណាមី និងគ្រោះរញ្ជួយដីដែលកើតឡើងនៅវេលាម៉ោង ១១:១៥ យប់ថ្ងៃចន្ទ។
គ្រោះរញ្ជួយដីលើកនេះចាប់ផ្ដើមពីចំណុចមួយស្ថិតនៅចម្ងាយ ៨០ គីឡូម៉ែត្រពីឆ្នេរសមុទ្រខេត្តអាអូម៉ូរី។ រលកស៊ូណាមីកម្ពស់ ០.៧ ម៉ែត្របានកើតមាននៅកំពង់ផែគូជិ ខេត្តអ៊ីវ៉ាតិ ដែលស្ថិតនៅភាគខាងត្បូងខេត្តអាអូម៉ូរី។

រលកយក្សកម្ពស់ ០.៥ ម៉ែត្របានវាយប្រហារសហគមន៍អ្នករស់នៅតាមមាត់សមុទ្រនៃតំបន់នោះ។ នេះបើយោងតាមការបញ្ជាក់ពីទីភ្នាក់ងារឧតុនិយម។
ទីភ្នាក់ងារអគ្គិភ័យ និងគ្រប់គ្រងគ្រោះមហន្តរាយបានថ្លែងថា នៅក្នុងចំណោមអ្នករបួសទាំង ២៣ នាក់នោះ អ្នកខ្លះរងរបួសធ្ងន់។ ភាគច្រើនរបួសដោយសាររបស់របរផ្សេងៗធ្លាក់សង្កត់ពីលើ។ អ្នកខ្លះរងរបួសនៅពេលស្នាក់នៅក្នុងសណ្ឋាគារ។
បុរសម្នាក់រងរបួសស្រាលនៅទីក្រុងតូក្យូនៅពេលគាត់កំពុងបើកឡានតាមផ្លូវសុខៗស្រាប់តែធ្លាក់ចូលទៅក្នុងជង្ហុក ឬរណ្ដៅដីបាក់ស្រុត។

អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនបានសូមអំពាវនាវឱ្យប្រជាជនចាកចេញពីតំបន់ទំនាបទៅកាន់ទីខ្ពស់ ឬស្វែងរកទីជម្រកបណ្ដោះអាសន្នរហូតដល់អាជ្ញាធរលុបចោលបម្រាមវិញ។ អ្នកនាំពាក្យដដែលនេះបានថ្លែងបន្តទៀតថា ផ្ទះរបស់ប្រជាជន ៨០០ ខ្នងដាច់ភ្លើង សេវាដឹកជញ្ជូនតាមរថភ្លើងល្បឿនលឿន និងជើងហោះហើរក្នុងស្រុកមួយចំនួនត្រូវផ្អាកដំណើរការ។
នាយករដ្ឋមន្ត្រីជប៉ុនបានថ្លែងថា រដ្ឋាភិបាលបានបង្កើតក្រុមការងារពិសេសដើម្បីវាយតម្លៃទំហំនៃការខូចខាត។ លោកស្រីបានថ្លែងថា៖ “យើងផ្ដល់អាទិភាពខ្ពស់បំផុតទៅលើការស្រោចស្រង់អាយុជីវិតរបស់ប្រជាជន ហើយយើងនឹងខិតខំអស់ពីសមត្ថភាពទៅតាមអ្វីដែលយើងអាចធ្វើបាន។”
ក្រោយមក លោកស្រីបានអំពាវនាវឱ្យប្រជាជនតាមដានព័ត៌មានបច្ចុប្បន្នភាពចុងក្រោយពីអាជ្ញាធរមូលដ្ឋានដើម្បីជម្លៀសខ្លួនទាន់ពេលវេលានៅពេលមានការរញ្ជួយ។ នេះបើយោងតាមការផ្សាយរបស់អេភី (AP) និងប្រភពដទៃទៀត៕
